ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យក្រុមស្រ្តីជិះម៉ូតូរបស់ឥណ្ឌា ចូលជួបសម្តែងការគួរសម និងបង្ហាញពីវត្ថុបំណងរបស់ខ្លួនក្នុងការជិះម៉ូតូឆ្លងកាត់ តាមបណ្តាប្រទេសនានានៅអាស៊ីខាងត្បូង និងអាស៊ី-អាគ្នេយ៍។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះយុទ្ធនាការរបស់ក្រុមស្រ្តីជិះម៉ូតូ ដែលបានធ្វើឡើងក្រោមពាក្យស្លោក “ជួយសង្រ្គោះ និងការពារកុមារី”។ លោកទេសរដ្ឋមន្រ្តី បានចាត់ទុកយុទ្ធនាការនេះថា ជាការចូលរួមចំណែកលើកកម្ពស់សមភាព យេនឌ័រ ឲ្យកាន់តែល្អប្រសើរថែមទៀត។
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ទៅក្រុមស្រ្តីជិះម៉ូតូរបស់ឥណ្ឌាផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ស្រ្តីនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រុមស្រ្តីជិះម៉ូតូឥណ្ឌា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។ ក្រុមស្រ្តីជិះម៉ូតូនេះ នឹងធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា ១ម៉ឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសនេប៉ាល់ ឥណ្ឌា ប៊ូតង់ មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី។
លោកស្រីបណ្ឌិត សារិកា មេត្តា ប្រធានក្រុមស្រ្តីជិះម៉ូតូបានឲ្យដឹងថា ការជិះម៉ូតូនេះ ធ្វើឡើងក្នុងបំណងយកចិត្តទុកដាក់លើស្រ្តី និងសមភាពស្រ្តី ហើយក៏មានគោលដៅសង្រ្គោះ និងអប់រំរបស់កុមារីផងដែរ។ យុទ្ធនាការនេះ ក៏មានគោលបំណងផ្ញើសារទៅកាន់ពិភពលោកឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហារបស់ស្រ្តី។
លោកស្រីបណ្ឌិត សារិកា មេត្តា បានបញ្ជាក់ថា យុទ្ធនាការនេះ ក៏ទទួលបានការគាំទ្រខ្ពស់ពីប្រធានាធិបតី និងនាយករដ្ឋមន្រ្តីរបស់ឥណ្ឌាផងដែរ។ ក្រុមស្រ្តីជិះម៉ូតូ នឹងត្រឡប់ទៅដល់ប្រទេសរបស់ខ្លួនវិញនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦៕
មតិយោបល់