ព័ត៌មានជាតិ

Update: (មានវីដេអូ) ក្មេងៗត្រូវបានសង្គ្រោះនៅពេទ្យកុមារជាតិ ខណៈមនុស្សធំៗជាច្រើននាក់សង្គ្រោះនៅពេទ្យលោកសង្ឃ ក្រោយពីឡានដឹកដីបុកឡានសាំយ៉ុង

ភ្នំពេញៈ រហូតមកទល់នៅម៉ោងជិត៣រសៀលនេះ មនុស្សចាស់ក្មេងជាង១០នាក់ ត្រូវបានគេសង្គ្រោះដោយការដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ ក្មេងៗត្រូវបញ្ជូនទៅសង្គ្រោះនៅពេទ្យកុមារជាតិ ដោយឡែកមនុស្សធំៗកំពុងសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីរថយន្តដឹកដីបានបុករថយន្តសាំយ៉ុងនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅស្រែញ៉ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល ដែលជំហ៊ានដំបូងគេសង្ស័យថា មានអ្នកបាត់បង់ជីវិត។

អធិការដ្ឋានខណ្ឌដង្កោ លោក ឈឹម ស៊ីថា បានប្រាប់ Post news ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្ស១៥នាក់រងរបួស ក្នុងនោះ មានស្រី៨នាក់ និងប្រុស៧នាក់។

ភ្នាក់ងារ Post News បានរាយការណ៍មកថា នៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី៤កក្កដានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបែនដឹកដីបុករថយន្តសាំងយ៉ុង មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-6342 យ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងទាំងសងខាង និងរបួសមនុស្សជាង១០នាក់។
ក្រោយកើតហេតុ កម្លាំងក្រុមសង្គ្រោះ៧១១ របស់កងពលលេខ ៧០ ហើយនិងអាជ្ញាធរពាក់ព័ន្ធបានចុះជួយអន្តរាគមន៍ភ្លាមៗ ដោយដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់រថយន្តពីរគ្រឿងនៅកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចក៏បានយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់