ព័ត៌មានជាតិ

អុញនោះ! ​ស្ថានីយ​​​ប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ​…

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ១០ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ គិតចាប់ពីចំណុចឃុំអូរបីជាន់ ស្រុកអូរជ្រៅ រហូតដល់ស្រុកស្វាយចេក និងស្រុកថ្មពួក។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង ១០ ផងដែរ។

​ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ៖
– ស្ថានីយ/ដេប៉ូចំនួន ០៧ មិនមានអនុលោមភាពផែ្នកបរិមាណ។
– ស្ថានីយ/ដេប៉ូចំនួន ០២ មិនមានអនុលោមភាពទាំងផ្នែកគុណភាព។

ក្នុងចំណោមស្ថានីយ/ដេប៉ូ ទាំង៩ ដែលមន្រ្តីជំនាញរកឃើញមានភាពមិនអនុលោម មានដូចខាងក្រោម ៖ ១. ដេប៉ូតេលា ឃាង សឿន ស្ថិតនៅឃុំ អូរបីជាន់ ស្រុកអូរជ្រៅ បានចុះលើកទី២ មានភាពត្រឹមត្រូវ ទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។ ២. ដេប៉ូតេលា ពៅ ណារ៉ុង ស្ថិតនៅឃុំ ចម្ការគ ស្រុកស្វាយចេក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។ ៣. ដេប៉ូតេលា សារិន សុខារតនៈ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ ៤. ដេប៉ូតេលា វី សេងនាង ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។ ៥. ដេប៉ូតេលា ឈិន ផល្លា ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ។ ៦. ដេប៉ូតេលា ឈាន ធានអ៊ីក ស្ថិតនៅឃុំថ្មពួក ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ
៧. ដេប៉ូ LHR ស្ថិតនៅឃុំគំរូ ស្រុកថ្មពួក ចុះលើកទី១ មានភាពត្រឹមត្រូវទៅលើផ្នែកគុណភាព និងមិនមានភាពត្រឹមត្រូវផ្នែកបរិមាណ ៨. ដេប៉ូតេលា វីរៈ ស្រីធឿត ស្ថិតនៅឃុំទ្រាស ស្រុកស្វាយចេក ចុះលើកទី១ មានភាពមិនត្រឹមត្រូវទៅលើផ្នែកគុណភាព និងផ្នែកបរិមាណ ៩. ដេប៉ូតេលា ប៉ក់ ម៉ាប់ ស្ថិតនៅឃុំរលួស ស្រុកស្វាយចេក ចុះលើកទី១ មានភាពមិនត្រឹមត្រូវទៅលើផ្នែកគុណភាព និងផ្នែកបរិមាណ។
មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ចំនួន ០៨ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមលើកទី១។

ចំណែកដេប៉ូ ឃាង សឿន ឋិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នឹងតាក់តែងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ព្រោះដេប៉ូនេះ បានប្រព្រឹត្តល្មើសជាលើកទី២ហើយ។

ចំពោះតម្លៃលក់រាយ ស្ថានីយ/ដេប៉ូ ទាំង១០ បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។

បញ្ជាក់៖ ក្នុងករណីមន្រ្តីជំនាញរកឃើញកំហុសលើកទី១ រួមមានកម្រិតលំអៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។ ទន្ទឹមនេះ នឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។ ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួងពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់