ព័ត៌មានជាតិ

សូមជួយShare! រកឃើញនំបាញ់ឌុក និងលតស្វិត មានផ្ទុកសារធាតុគីមីបូរ៉ាក់ នៅផ្សារធំបាត់ដំបង (ផ្សារណាត់)

បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង ដោយទទួលបានកិច្ចសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារធំបាត់ដំបង (ផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ និងបានដកយកគំរូចំនួន ៦៧ គំរូ រួមមាន៖ បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតត្រី ឈាមមាន់ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ គ្រឿងសមុទ្រ លតខៀវ លតស្វិត និងបាញ់ឌុក ដើម្បីធ្វើតេស្តស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញវត្តមានបូរ៉ាក់ដាក់ក្នុង៖ នំបាញ់ឌុក ប្រមាណ ២គីឡូក្រាម , លតស្វិត ប្រមាណ ៣ គីឡូក្រាម ។

ក្នុងពេលត្រួតពិនិត្យនោះដែរ មន្ត្រីជំនាញបានដកហូត នំបាញ់ឌុក និងលតស្វិត ប្រមាណ ៥ គីឡូក្រាម យកទៅកម្ទេចចោលភ្លាមៗ និងណែនាំដល់អាជីវករ អ្នកលក់ដូរឲ្យបានយល់ដឹងពីរបៀបនៃការជ្រើសរើសផលិតផលដែលមានសុវត្ថិភាពយកមកលក់ ក៏ដូចជាយកមកបរិភោគផងដែរ៕

មតិយោបល់