ព័ត៌មានជាតិ

បុរសអាយុ៥៧ឆ្នាំ ល្បួងក្មេងស្រីអាយុ៩ឆ្នាំឡើងលើផ្ទះរំលោភបាន៤ដង

ឧត្តរមានជ័យៈ បុរសវ័យចំណាស់ម្នាក់បានព្យាយាមលួងលោមក្មេងស្រី ដែលទើបមានអាយុ៩ឆ្នាំម្នាក់ ឲ្យទៅលេងផ្ទះរបស់ខ្លួនជាញឹកញាប់ ហើយធ្វើសកម្មភាពចាប់រំលោភមានសម្រេចជាបន្តបន្ទាប់រហូតដល់ទៅ៤ដង ហើយដោយសភាពក្មេងស្រីចេះតែមានទឹកមុខស្លេកស្លាំង និងដោយមានការសង្ស័យស្ត្រីជាម្តាយក៏សួរនាំកូនស្រី ទើបបែកធ្លាយថា បុរសវ័យចំណាស់រូបនោះបានចាប់រំលោភកូនស្រីរបស់ខ្លួន ហើយក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចប៉ូលិសស្រុកកូនគ្រៀលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីញ ចំរើន ហៅ ម៉ូន អាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិកើតហេតុខាងលើ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ៩ឆ្នាំប៉ុណ្ណោះ។

ម្តាយបង្កើតក្មេងស្រីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះតែងតែមកលួងលោមកូនស្រីរបស់គាត់នាំយកទៅលេងនៅនិងផ្ទះរបស់ខ្លួន ហើយរូបខ្លួនជាម្តាយដោយមិនបានចាប់អារម្មណ៍ឡើយ។ លុះនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការសង្ស័យគាត់ក៏បានសាកសួរកូនស្រី ហើយកូនស្រីបានប្រាប់ថា តា ស៊ីញ ចំរើន បានចាប់ខ្លួនរំលោភបានសម្រេច៤-៥ដងនៅនឹងផ្ទះរបស់គាត់។ ហើយពេលរំលោភម្តងៗគាត់តែងតែគំរាមមិនឲ្យប្រាប់អ្នកណាទេ បើហ៊ានប្រាប់គាត់សម្លាប់ចោល។ ក្រោយពីបានសាកសួរកូនស្រីរួចមក គាត់ជាម្តាយបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កូនគ្រៀលភ្លាមៗផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្តដូចដែលក្មេងស្រីរងគ្រោះចោទប្រកាន់ពិតប្រាកដមែន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការនគរបាលក្រុងសំរោង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែកក្មេងស្រីត្រូវបាននាំទៅព្យាបាលនៅមន្ទីពេទ្យបង្អែក៕

មតិយោបល់