ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបត់ប្រយ័ត្ន ត្រូវរថយន្តជនជាតិចិនបើកលឿនបុក រងរបួសធ្ងន់!

កំពង់ធំៈ នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៨-១៩៩ ភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូបើកបរបត់ឆ្វេង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។

រថយន្ត​Toyota Prius ពណ៌ស ស្លាកលេខ ភ្នំពេញAR.8858 បើកបរទិសដៅពីលិចទៅកើត ដោយឈ្មោះ ម៉ី ស៊ាវតុង ភេទប្រុស អាយុ៤៧ឆ្នាំ(ជនជាតិចិន) នៅផ្លូវលេខ១៧ ផ្ទះលេខ112EP សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ)​។ ចំណែកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1L.9053 បើកបរទិសដៅពីកើតទៅលិចហើយបត់ឆ្វេង ដោយឈ្មោះ មួន ពៅ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)​។

មូលហេតុបឋម បង្កដោយអ្នកបើកបរម៉ូតូបើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន។

ចំពោះករណីនេះ វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៕

មតិយោបល់