ភ្នំពេញៈ យោងតាមផេក អគ្គនាយដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យដេប៉ូចែកចាយ ចំនួន៣កន្លែង ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូ ទាំង៣ផងដែរ។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ៖
-ដេប៉ូ TELA ភូមិឬស្សី១ ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលក់ប្រេងមិនមានអនុលោមភាពផែ្នក បរិមាណ (មិនគ្រប់លីត្រ) ។
-ដេប៉ូ TELA គីម សេង ស្ថិតនៅផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលក់ប្រេងសាំងមិនមានអនុលោមភាពផែ្នកគុណភាព (សន្ទស្សន៍អុកតានទាបជាងបទដ្ឋានកំណត់) ។
ដោយសារនេះជាការរកឃើញលើកទី១ មន្រ្តីជំនាញបានឲ្យម្ចាស់ដេប៉ូទាំង២ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់