ព័ត៌មានជាតិ

កម្ពុជានឹងបង្កើតច្បាប់តុលាការការងារដើម្បីពង្រឹងការអនុវត្តច្បាប់ការងារឲ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅថ្ងៃទី៥ កក្កដានេះ បានបង្ហាញពីការបង្កើតតុលាការកាងារ ដែលនឹងចេញជាផ្លូវការក្នុងពេលឆាប់ខាងមុខនេះ។ តុលាការនេះបង្កើតឡើងគឺដើម្បីផ្តល់យុត្តិធម៌បន្ថែម ទៅដល់ភាគីពាក់ព័ន្ធ និងដោះស្រាយវិវាទនិងកង្វល់ផ្សេងៗដែលកើនឡើងនៅក្នុងសង្គមសម្រាប់សុខដុមនីយកម្មរបស់ប្រជាជនកម្ពុជាទាំងមូល។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវះមានប្រសាសន៍ថា ការរៀបចំនិតិវិធីរបស់តុលាការការងារនេះគឺពង្រឹងនីតិវិធីដោះស្រាយវិវាទនៅតាមមូលដ្ឋាន និងការអនុវត្តច្បាប់សហជីព ច្បាប់ស្តីពីការងារ ក៏ដូចជាច្បាប់ផ្សេងៗទៀតនៅមូលដ្ឋាន ដែលដោះស្រាយមិនចប់ហើយរុញមកអាជ្ញាកណ្តាល អាជ្ញាកណ្តាលរុញបន្តមកតុលាការការងារជាអ្នកសម្រេចចុងក្រោយទាក់ទិននឹងតុលាការ ការងារនេះ ត្រូវបានអង្គការ សហជីព និងអង្គការជាច្រើនផ្សេងទៀតសម្តែងនូវការគាំទ្រ និងស្វាគមន៍ឲ្យមានការបង្កើតឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីការពារផលប្រយោជន៍រួមទាំងនិយោជក និងនិយោជិត និងបញ្ចៀសនូវការរារាំងរបស់អាជ្ញាកណ្តាល ដែលពួកគេមើលឃើញថា នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការងារបម្រើផលប្រយោជន៍កម្មករ និងសហជីពបាននៅឡើយ។

លោក អាត់ ធន់ ប្រធានសហជីពសេរីកម្មករបានថ្លែងថា អ្វីដែលយើងចង់បានដោយទទូច និងរង់ចាំជាយូរមកហើយនោះគឺតុលាការមួយនេះ តាមរយះការបង្កើតតុលាការការងារនេះ លោកមានជំនឿថាមានលក្ខណះល្អប្រសើរជាងច្បាប់សហជីពដែលបានបង្កើតកាលពីពេលកន្លងទៅ។

លោកបន្តថា តុលាការការងារ ចេញកាន់តែឆាប់កាន់តែល្អ ព្រោះវាមានតួនាទីមួយបន្ថែមទៀត ដើម្បីឲ្យសេចក្តីបង្គាប់របស់អាជ្ញារកណ្តាលទៅជាការបង្គាប់របស់តុលាការនេះតែម្តង។

ប៉ុន្តែយ៉ាងណាលោក អាត់ ធន់ លើកឡើងថា តុលាការការងារនេះក៏មានចំណុច២ដែរ គឺចំណុចល្អ និងអាក្រក់បើកាលណាការអនុវត្តមិនបានត្រឹមត្រូវតាមភារកិច្ច និងតួនាទីឲ្យបានល្អទេនោះ ប៉ុន្តែក្រោយមានតុលាការនេះវាប្រសើរជាងច្បាប់មុនៗឬការបង្គាប់បញ្ជាផ្សេងៗពីអាជ្ញាកណ្តាល៕

មតិយោបល់