ព័ត៌មានជាតិ

ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបិតចំណាំងផ្លាតដល់គោយន្ត ២៥គ្រឿង

កំពង់ឆ្នាំងៈ ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦ ​​មន្ត្រី​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត ​បាន​សហការ​ជាមួយមន្ត្រីនគរបាល​ក្រុង នគរបាល​ប៉ុស្តិ៍ និង​ចៅសង្កាត់​កំពង់ឆ្នាំង ​កោះ​អញ្ជើញ​អ្នក​បើកបរ​គោយន្ត​ចំនួន​២៥​នាក់ ​នៅក្នុង​សង្កាត់​កំពង់ឆ្នាំង ​មក​ធ្វើ​ការណែនាំ​អប់រំ​ណែនាំ ​អំពី​ច្បាប់​ចរាចរណ៍ ​និង​បាន​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​រ៉ឺម៉ក​គោយន្ត ​និង​បិត​ខិត​ប័ណ្ណ​ ច្បាប់​ចរាចរណ៍ នៅ​លើ​គោយន្ត​នៅក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​ពង់​ឆ្នាំង ​ក្នុង​គោលបំណង​បញ្ចៀស​ និង​ទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយសារ​គោយន្ត​គ្មាន​ភ្លើង ​ឬ​គ្មាន​ចំណាំងផ្លាត​ពីក្រោយ​។

​លោក ​មាស ឈុនលី អនុប្រធាន​ការិយាល័យ​ដឹកជញ្ជូន នៃ​មន្ទីរ​សាធារណការ​ខេត្ត ​​​បាន​ឲ្យ​ដឹងថា តាមផ្លូវ​ច្បាប់​រថយន្ត​ កែច្នៃ ​ដូចជា ​គោយន្ត​នេះ​ គ្មាន​ផ្លាកលេខ​ គ្មាន​ភ្លើង​បំភ្លឺ​មុខក្រោយ មិនអាច​បើកបរ​នៅ​លើ​ផ្លូវជាតិ​បានឡើយ​ ប៉ុន្តែ​ដោយសារ​ការ​អនុគ្រោះ​រប​ស់​អាជ្ញាធរ​ និង​សមត្ថកិច្ច​នៅក្នុង​ខេត្ត ក៏​ចេះតែ​អធ្យាស្រ័យ​ចំពោះ​ប្រជាកសិករ​យើង​ទៅ​។ ដោ​យ​ឡែក​ ដើម្បី​ទប់ស្កាត់​ហានិភ័យ ចំពោះ​ការប្រើប្រាស់​គោយន្ត ​ម្ចាស់​គោយន្ត​ទាំងអស់​ត្រូ​វ​ តែ​ចេះដឹង​អំពី​ច្បាប់​ចរាចរណ៍​ ផ្លាកសញ្ញា​ចរាចរណ៍ ​ ករណី​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នោះ ​គឺ​គោយន្ត​ទាំងអស់ ​ត្រូវតែ​ មាន​ភ្លឺ​បំភ្លឺ​ពីមុខ ពីក្រោយ ​និង​ពិសេស​ គឺ​ត្រូវ​តែមាន​ចំណាំងផ្លាត​ពីក្រោយ ​ដើម្បី​កុំ​ឲ្យ​យានយន្ត​ផ្សេងៗ​ទៀត​បើក​បុក​គោយន្ត​ពីក្រោយ​។

លោក​ ម៉ុ​យ អ៊ី​ម នាយ​ផ្នែក​នគរ​បាល​ច​រាច​រណ៍ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​លើ​ឡើង​ថា​ បើ​គ្មាន​ការចាំបាច់​ទេ គោយន្ត​ទាំងអស់​មិន​ត្រូវ​បើកបរ​នៅលើ​ផ្លូវជាតិ​ឡើយ ​ពិសេស​នៅពេល​យប់ ​ប៉ុន្តែ​បើ​មានការ​ចាំបាច់​នោះ ម្ចាស់​គោយន្ត​ត្រូវតែ​បិត​ចំណាំងផ្លាត​នៅ​ខាងក្រោយ និង​ខាងមុខ​គោយន្ត​ក៏ត្រូវ​តែ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ផងដែរ​។ ម្យ៉ាងទៀត​ ការ​ផ្ទុក​ឥ​វ៉ាន់​ ឬ​សម្ភា​រនៅលើ​គោយន្ត ​ក៏​មិនត្រូវ​សំពីងសំពោង បាំង​ចំណាំងផ្លាត​ពីក្រោយ​ដែរ ដែល​អាច​នាំ​បង្ក​ឲ្យមាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ប្រសិនបើ​មាន​យានយន្ត​មក​បុក​គោយន្ត​យើង​ពីក្រោយ ​នោះ​ម្ចាស់​គោយន្ត​ត្រូវតែ​ទទួលខុសត្រូវ ព្រោះថា​គោ​យ​យន្ត​ ក្នុង​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​បើកបរ​នៅលើ​ផ្លូវជាតិ​ឡើយ​។

​លោក​ក៏បាន​បញ្ជាក់ទៀតថា កាលពី​ចុង​សប្តា​ហ៍​មុន ​ក្រុមការងា​នេះ​ក៏បាន​ចុះទៅ​បិត​ចំណាំងផ្លាត​ឲ្យ​គោយន្ត​នៅក្នុង​សង្កាត់​ខ្សា​ម​ បាន​ចំនួន​៣០​គ្រឿង​ផងដែរ ​និង​ក្នុងពេល​ខាងមុខនេះ និង​ចុះ​ធ្វើ​ដូចនេះ​នៅក្នុង​សង្កាត់​២​ទៀត​។

ដោយឡែក លោកស្រី ហែម សុ​ផេង ចៅសង្កាត់រង​សង្កាត់​កំពង់ឆ្នាំង ​បាន​សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​គោយន្ត​ទាំងអស់​នៅក្នុង​សង្កាត់​កំពង់ឆ្នាំង សូម​ស្វែងយល់​អំពី​ច្បាប់​ចរាចរណ៍ ផ្លាកសញ្ញា​ចរាចរណ៍ ឲ្យ​បាន​ច្បាស់លាស់​ទាំង​អស់​គ្នា ​និ​ង​ត្រូវតែ​ចូលរួម​បិត​ផ្លាក​ចំណាំងផ្លាត​ពីក្រោយ​គោយន្ត​ឲ្យ​បាន​ទាំ​អស់​គ្នា ដើម្បី​កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួន ហើយ​បើ​បង្ក​ឲ្យ​គេ​ស្លាប់ និង​មានទោស​ជាប់ពន្ធនាគារ​ទៀតផង​៕

មតិយោបល់