ព័ត៌មានជាតិ

គ្រូពេទ្យដើរចាក់ថ្នាំតាមភូមិរងការចោទថា ចាក់ថ្នាំបណ្ដាលឲ្យមនុស្សស្លាប់

ព្រះសីហនុៈ លោក ម៉ឺន វ៉ៃ ដែលជាគ្រូពេទ្យប្រចាំភូមិ នៅក្នុងស្រុកព្រៃនប់ កំពុងរងការចោទប្រកាន់ថា បានចាក់ថ្នាំ និងព្យូសេរ៉ូមធ្វើឲ្យអ្នកជំងឺប្រតិកម្មថ្នាំស្លាប់ ក្រោយពីបានបញ្ជូនទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែត្រូវបដិសេធវិញដោយប្រពន្ធរបស់លោកគ្រូពេទ្យ។

យោងតាមប្រភពពីប្រពន្ធជនរងគ្រោះឈ្មោះ ទិម ធារី អាយុ៣២ឆ្នាំ បានចោទទៅលើគ្រូពេទ្យម្នាក់ឈ្មោះ ម៉ឺន វ៉ៃ ភេទប្រុស មានទីលំនៅភូមិទួលទទឹង០១ ឃុំទួលទទឹង ស្រុកព្រៃនប់ ថាបានចាក់ថ្នាំធ្វើឲ្យប្តីរបស់គាត់ឈ្មោះ អង់ គឹម យ៉ែន ភេទ ប្រុស អាយុ៣៣មានទីលំនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុបានស្លាប់កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ពេលបញ្ជូនទៅកាន់គ្លីនិចឯកជន និងមន្ទីពេទ្យជាបន្តបន្ទាប់។

ប្រភពដដែលបានបញ្ជាក់ទៀតថា ចំពោះមូលហេតុដែលគាត់អះអាថា ប្តីរបស់គាត់បានស្លាប់ដោយសារប្រតិកម្មថ្នាំ ដោយសារក្រោយពីលោកគ្រូពេទ្យ ម៉ឺន វ៉ៃ នេះ ចាក់ថ្នាំឲ្យប្តីគាត់ នាព្រឹកថ្ងៃទី០២ ស្រាប់តែប្តីគាត់បញ្ឈរភ្នែកធ្លាក់ឈាម ហើយនៅពេលមកដល់គ្លីនិចឯកជនឈ្មោះ ពេទ្យ ឌី លោកគ្រូពេទ្យនៅទីនោះប្រាប់ថា ប្តីគាត់ប្រតិកម្មថ្នាំកម្រិតធ្ងន់ គ្មានសង្ឃឹមរស់នោះទេ ប៉ុន្តែគាត់មិនអស់ចិត្ត ក៏បានទារលោកពេទ្យ ឌី បញ្ជូនមកកាន់មន្ទីពេទ្យបង្អែកចំការចេក ប៉ុន្តែនៅពេលមកដល់ អ្នកគ្រូពេទ្យក៏បានប្រាប់ថា ប្តីគាត់ប្រតិកម្មថ្នាំកម្រិតធ្ងន់ គ្មានសង្ឃឹមរស់ទេ មិនអាចជួយសង្គ្រោះបានឡើយ បើទោះបីជាបញ្ជូនទៅណាក៏ដោយ មិនយូរប៉ុន្មានប្តីរបស់គាត់ក៏បានស្លាប់តែម្តង។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ លោកគ្រូពេទ្យ ម៉ឺន វ៉ៃ ពុំអាចសុំការបំភ្លឺបាននោះទេ ប៉ុន្តែប្រពន្ធលោក ម៉ឺន វ៉ៃ បានចេញមកបំភ្លឺថាចំពោះការចោទប្រកាន់នេះ អ្នកស្រីមិនអាចទទួលយកបាននោះទេ ចំពោះពាក្យថា ប្តីរបស់គាត់បានចាក់ថ្នាំធ្វើឲ្យអ្នកជំងឺមានប្រតិកម្មថ្នាំរហូតដល់ស្លាប់នោះ ប៉ុន្តែអ្នកស្រីទទួលស្គាល់ថា ប្តីរបស់គាត់ពិតជាបានទៅព្យួសេរ៉ូម និងចាក់ថ្នាំអ្នកជំងឺនោះពិតមែន។

ប្រភពដដែលបានបន្តថា ប្រសិនបើមានប្រតិកម្មថ្នាំ គឺមិនមែនមានរយៈពេលយូររហូតដល់ជាង២៤ម៉ោងនោះទេ អ្នកជំងឺអាចស្លាប់នៅក្នុងរយៈពេលតែ១០ឬ២០នាទីតែប៉ុណ្ណោះគ្មានគ្រូពេទ្យឯណាចាក់ថ្នាំចង់ធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតនោះទេ។

ដោយឡែកសមត្ថកិច្ចស្រុកព្រៃនប់បានបញ្ជាក់ថា ជុំវិញបញ្ហានេះ ខាងសមត្ថកិច្ចនៅពុំទាន់ទទួលបានពាក្យបណ្តឹងពីភាគីប្រពន្ធជនរងគ្រោះនោះទេ ឯសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនាយប់ថ្ងៃទី០៤កក្កដានេះហើយ៕

មតិយោបល់