ព័ត៌មានជាតិ

តៃកុងរថយន្តសាមុយ​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ​ ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្ត​ដឹកស្រី​ស្នេហ៍​បត់ឆ្លងផ្លូវត្រឡប់ ​កៀរនិង​កិន​ម៉ូតូ​១​គ្រឿង ​រងការខូចខាត​

ភ្នំពេញៈ ​ បុរសម្នាក់ជាតៃកុងរថយន្តសាមុយ​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ​ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្ត​ដឹកស្រី​ស្នេហ៍​បត់ឆ្លងផ្លូវត្រឡប់​ក្រោយ​មិន​ប្រយ័ត្ន​ ក៏ជ្រុល​ទៅ​កៀរនិងកិនអូសម៉ូតូ១គ្រឿង​ទៀត​ជិត​១០ម៉ែត្រ​ កាល​ពី​វេលាម៉ោង​១រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ២០១៨ ​ត្រង់ចំណុច​ខាងមុខ​ផ្សារ​ហេង​លី​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់ដែលគេស្គាល់ថា​ជាតៃកុងរថយន្តសាមុយ​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ​ បានបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ឡិចស៊ីស ​RX300 ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2AS-3685 និងនារីម្នាក់ជាស្រីស្នែហ៍​រួចដំណើរពីក្រោយ​។ ដោយបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​ តាមបណ្ដោយ​ផ្លូវ​២៧១​ ក្នុងទិសដៅបើកមកពីស្ពាន​អាកាស​៧មករា​ឆ្ពោះ​ទៅ​ស្តុប​ណូគា​។ លុះមកដល់​ចំណុច​កើត​ហេតុ​រថយន្តខាងលើ​ក៏​បាន​វាយភ្លើងស៊ីញ៉ូខាងស្តាំ​និង​បើកអែបទៅខាងស្តាំ​ បន្ទាប់​មក​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដាឃ្លីច​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ 1AI-9300​ ដែល​បើក​បរ​ដោយ​បុរស​ម្នាក់​មកពីក្រោយ​។ ដោយឃើញរថយន្តប់កអែបទៅខាងស្តាំ​ ម៉ូតូ​ខាងលើក៏បម្រុងព្យាយាមបើកវ៉ាខាងឆ្វេងរថយន្ត​ តែខណៈពេលនោះ​ស្រាប់​តែ​រថយន្ត​បង្ក​ខាងលើ បានបួងចង្កូតបត់ឆ្វេងត្រឡប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន​ ក៏បង្កឲ្យទៅកៀរម៉ូតូខាងលើដួលចូលខាងក្រោមរថយន្ត​កិនអូសរងការខូចខាត បណ្តាលឲ្យ​អ្នកបើកបរម៉ូតូ​រងរបួស​រលាត់​ដៃ​រលាត់​ជើង​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​ក៏បានព្យាយាមបើករថយន្តគេចខ្លួនទៅមុខទាំងកៀបជាប់ម៉ូតូនៅពីក្រោម​អូស​ជិត១០ម៉ែត្រ​ ទើបធ្វើឲ្យឲ្យរថយន្តហើបកង់ពីដីបើកទៅមុខលែងរួច។ ភ្លាមៗនោះ​ក៏មានរថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯក​ មហានគរ​ បានមក​ដឹកយកជនរងគ្រោះ​សង្គ្រោះ​ភ្លាមៗម្តង។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ចក៏បានចុះដល់ចំណុចកើតហេតុហើយក៏បានឲ្យ​ភាគី​ទាំង២ធ្វើ​ការ​ចរចារ​ដោះស្រាយ​គ្នា​ ហើយបន្ទាប់មកក៏មានតំណាងភាគីទាំងពីរ​បានចូលខ្លួនមកធ្វើការ​សម្របសម្រួល​ដោះស្រាយ​គ្នា​ ដោយ​ភាគី​ខាង​រថយន្តបង្ក​បានចេញ​សំណង​ចំនួន​៣០០ដុល្លារ​ឲ្យ​ទៅ​ភាគី​ខាងម៉ូតូ​ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ​៕​

មតិយោបល់