ភ្នំពេញៈ VISA គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក កំពុងសហការ ជាមួយធនាគារជាច្រើនដែលក្នុងនោះមានធនាគារចំនួន៥ រួមមានធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគាកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការអំពីការទូទាត់ប្រាក់ឆាប់រហ័ស (QR – Quick Responds) ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីបង់ប្រាក់តាម រយៈវីសាកាតនៅក្នុងប្រទេសកម្ពុជា។
ការទូទាត់ប្រាក់តាមរយៈ QR កូដ នឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ប្រាក់តាមបែបថ្មីដែលប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស។ អ្នកប្រើប្រាស់អាចបង្កើតការទូទាត់ប្រាក់តាម រយៈQRកូដយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទដៃ (App) របស់ធនាគារ និងភ្ជាប់បណ្ដាញសុវត្ថិភាពជាមួយនឹងវីសា តាមរយៈកាតឥណទាន (Credit Card) កាតឥណពន្ធ (Debit Card) ឬកាតបង់ប្រាក់ជាមុន (Prepaid Card) ជាការស្រេច។
នៅពេលកម្មវិធីទូរស័ព្ទដៃ (App) ចាប់ដំណើរការ អ្នកអាចប្រើទូរស័ព្ទដៃក្នុងការស្គេន QRកូដ ដើម្បីធ្វើការទូទាត់ជាមួយ វីសា តាមរយៈការផ្ទេរប្រាក់ពីគណនីរបស់អ្នកទៅកាន់គណនីរបស់អ្នកលក់ផ្ទាល់តែម្តង។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងសូមអបអរសាទរចំពោះធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគារកាណាឌីយ៉ា និងធនាគារ FTB ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់សាច់ប្រាក់តាមរយៈការ ស្កេន QRកូដ ដែលជាដំណាក់កាលវិវត្តន៍ដ៏សំខាន់ក្នុងការវិវត្តន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ធ្វើការទូទាត់តាមរយៈទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាQRកូដ អាចជួយកាត់បន្ថយចំណាយដ៏មានប្រសិទ្ធិភាពដល់អាជីវកដែលទើបទទួលយកការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអេទ្បិចត្រូនិក ហើយសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មនេះនឹងទទួលបានអត្ថប្រយោជន៍ទូទាត់សាច់ប្រាក់យ៉ាងងាយស្រួលតាមប្រព័ន្ធឌីជីថលជំនួសការប្រើសាច់ប្រាក់សុទ្ធ។
ការទូទាត់ប្រាក់តាមរយៈស្កេនQRកូដ អនុញ្ញាតឲ្យម្ចាស់វីសាកាតងាកមកប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីទិញទំនិញ និងទូទាត់វិក្ក័យបត្រដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធក្នុងដៃ។ សម្រាប់អាជីវករ ទទួលយកវិធីទូទាត់ប្រាក់តាមរយៈការស្កេនQRកូដ មានន័យថាពួកគេអាចទទួលបាននូវជម្រើសសេវាកម្មដែលមានតម្លៃទាបក្នុងការទូទាត់ប្រាក់តាមអេឡិចត្រូនិចដោយការប្រើQRកូដ ជាមួយទូរស័ព្ទដៃរបស់ពួកគេ។
ក្នុងថ្ងៃនៃការដាក់ឲ្យដំណើរការ ការទូទាត់ប្រាក់តាមរយៈការស្កេនQRកូដនេះ មានហាងសរុបជាង៦០០កន្លែង នឹងទទួលយកសេវាកម្មថ្មីនេះ ដែលក្នុងនោះមានដូចជា ម៉ាស្ទ័រស៊ុគីស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen និង Krispy Kreme), ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និងហាងជាច្រើនទៀត។
រាល់ប្រតិបត្តិការQRកូដរបស់វីសាកាត នឹងត្រូវបានដំណើរការជាសកលតាមរយៈ VisaNet ដោយអនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់របស់ក្រុមហ៊ុនវីសា ទៅលើការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់សាច់ប្រាក់តាមរយៈQR បានកំពុងតែអនុវត្តនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និង ឥណ្ឌា ហើយក្នុងពេលឆាប់ៗនេះនឹងមកដល់ទីផ្សារមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍។
អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា៖ « យើងមានទំនុកចិត្តថា ការស្កេនដើម្បីបង់ប្រាក់តាមរយៈវីសាកាត នឹងពន្លឿនការផ្លាស់ប្តូរពីការទូទាត់ជាសាច់ប្រាក់សុទ្ធទៅជាការទូទាត់បែបអេឡិចត្រូនិច ព្រមទាំងជួយជម្រុញស្ថានភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅទូទាំងប្រទេសឲ្យកាន់តែប្រសើរទ្បើង» ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.visa.com.kh/km_KM/pay-with-visa/scantopay-consumers.html
មតិយោបល់