ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយបានការចូលរួមសហការពី គណៈកម្មការផ្សារលើ បានបន្តត្រួតពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងជ្រក់ស្ពៃ ចំនួន ២០ គីឡូក្រាម។ មន្ត្រីសាខាកាំកុងត្រូលបានធ្វើការណែនាំ និងឱ្យអាជីវករនោះធ្វើកិច្ចសន្យាបញ្ឈប់ការលក់ផលិតផលមិនប្រក្រតីបន្តទៀត និងបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅកម្ទេចចោលភ្លាមៗ នៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះដែរ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តធ្វើការណែនាំដល់អាជីវករដទៃទៀត អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់