ក្លឹប West Ham និង Crystal Palace កំពុងតែទាក់ទងទិញយកខ្សែប្រយុទ្ធ Robin van Persie ពីក្រុម Fenerbahçe មកលេងនៅអង់គ្លេសវិញ បន្ទាប់ពីកីឡាកររូបនេះចាកចេញទៅកាលពីរដូវកាលមុន។
Van Persie ចាកចេញពី Man Utd ទៅលេងនៅ Fenerbahçe បានមួយរដូវកាល ដោយកាលនោះក្លឹបនៅទួរគីមួយនេះទិញក្នុងតម្លៃជិត៤លានផោន។ ទៅលេងនៅទីនោះ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ ហាក់មិនជោគជ័យនោះទេ ដោយសារតែចូលលេងបានតែ២៩ប្រកួត ហើយស៊ុតបានតែ១៤គ្រាប់ប៉ុណ្ណោះ។ ដោយសារតែដូច្នេះហើយ ពេលនេះក្លឹបនៅអង់គ្លេស២កំពុងតែទាក់ទងនាំរូបគេមកវិញ ដោយក្លឹបទាំង២នោះរួមមាន West Ham និង Crystal Palace ។
Fenerbahçe ទំនងជាលក់កីឡាករសញ្ជាតិហុល្លង់រូបនេះចេញ បន្ទាប់ពីរូបគេលេងមិនសូវជាល្អជាមួយសមាជិកក្រុមដទៃទៀត ខណៈដែលនៅទួរគីរូបគេក៏មិនសូវជាបានតម្លៃខ្លួនខ្ពស់ដែរ។
Van Persie ជាខ្សែប្រយុទ្ធមុតម្នាក់អំឡុងពេលរូបគេលេងឱ្យក្រុម Arsenal ដោយចន្លោះពីឆ្នាំ២០០៤ ដល់២០១២ រូបគេបង្ហាញខ្លួនបាន១៩៤ប្រកួត ស៊ុតបាន៩៨គ្រាប់។ ខណៈដែលពេលផ្លាស់មក Man Utd រូបគេក៏នៅតែល្អដដែល ដោយរកបាន៤៨គ្រាប់ក្នុង៨៦ប្រកួតរយៈពេល៣ឆ្នាំ៕
មតិយោបល់