កំពង់ចាមៈ ករណីអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្ក្រាបកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៧៤២ ត.ព្រ ចុះថ្ងៃទី២១-១២-២០១៨ ពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មានឈ្មោះ ឈឹម ពៅវុទ្ធា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានធ្វើសម្មភាពអោបថើប ប្រើដៃលូកស្ទាបប្រដាប់ភេទជនរងគ្រោះជាកុមារី អាយុ៩ឆ្នាំ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលរួចភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និង ឃាត់ខ្លួនឈ្មោះ ឈឹម ពៅវុទ្ធា ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២១-១២-២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា៤៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕
មតិយោបល់