កណ្តាលៈ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយបុរសម្នាក់ បានវាយទៅលើម្តាយពិការភ្នែក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានអាយុ៦៧ឆ្នាំ ។ចំណែកជនសង្ស័យមានឈ្មោះ ពិន ដាវីន (ហៅស៊ិន) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ។
មុនពេលកើតហេតុ ជនរងគ្រោះជាម្តាយកំពុងតែដេកនៅលើគ្រែក្នុងផ្ទះ ស្រាប់តែជនសង្ស័យត្រូវជាកូនបង្កើត មកពីផឹកស្រាវិញស្ទុះទៅទាញជនរងគ្រោះទម្លាក់ពីលើគ្រែហើយដាល់ទៅលើជនរងគ្រោះជាម្តាយចំឆ្អឹងជំនីចំនួន២ដៃ បន្ទាប់មកជនសង្ស័យអូសជនរងគ្រោះទៅទម្លាក់ក្នុងទឹកប្រឡាយខាងក្រោយផ្ទះ រួចបានអូសជនរងគ្រោះមកលើគោកវិញ ហើយវាយទៅលើជនរងគ្រោះបន្ថែមទៀត។
ក្រោយមក ជនសង្ស័យទុកជនរងគ្រោះចោលរួចក៏ដើរចេញពីផ្ទះទៅបាត់។ លុះព្រឹកឡើងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រមៀត និងសំណូមពរឲ្យសម្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។ បន្ទាប់មកសមត្ថកិច្ចក៏បានហៅជនសង្ស័យខាងលើមកសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
សូមបញ្ជាក់ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារនៅខេត្តកណ្តាលចំនួន៤លើកមកហើយពីបទហិង្សាដោយចេតនា និងបទប្រើអំពើហិង្សាក្នុងគ្រួសារ ។
មតិយោបល់