ព័ត៌មានជាតិ

ស៊ូស្លាប់បាកុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេកុំឲ្យភ្លើងឆេះផ្ទះ! ទុស្សេខ្សែភ្លើងឆេះផ្ទះលោកតាម្នាក់ គិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ​

ត្បូងឃ្មុំៈ នៅវេលាម៉ោង១៤និង៤០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ​១ខ្នង​ ភ្លាមនោះក្រោមការបញ្ជាដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត និងការដឹកនាំដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន ស្នងការរងទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានដឹកនាំ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសួង យករថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ​២គ្រឿង ទៅជួយពន្លត់ភ្លើងឆេះផ្ទះ របស់ប្រជាពលរដ្ឋឈ្មោះ យីវ ម៉ាប់ ភេទប្រុសអាយុ ៦០ឆ្នាំ ជាតិខ្មែរនៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ប្រើប្រាស់អស់ទឹកសរុប​៣រថយន្ត។

តាមការស្រាវជ្រាវបានអោយដឹងថា អគ្គីភ័យខាងលើ កើតឡើងដោយសារទុស្សេខ្សែភ្លើង ហើយបណ្តាលអោយខូចខាតសម្ភារៈដូចខាងក្រោម៖ ផ្ទះឈើប្រក់ក្បឿង​២ខ្នង (ទំហំ​៩ម​×​១៣ម),ប្រាក់រៀលអស់ ៤.០០០.០០០៛ (បួនលានរៀល),ប្រាក់ដុល្លារអស់ ៦.០០០ដុល្លារ(ប្រាំមួយពាន់ដុល្លារ) ,កង់ចំនួន​២គ្រឿង,​ទូរទស្សន៍ចំនួន​១គ្រឿង, កុំព្យូទ័រចំនួន​១គ្រឿង, ស្រូវចំនួន ៦០០​គីឡូក្រាម, អង្កចំនួន​១បេ, ទូឈើចំនួន​២គ្រឿង, តុឈើចំនួន​៣គ្រឿង, គ្រែឈើប្រអប់ចំនួន​១គ្រឿង, សម្លៀកបំពាក់និងសម្ភារ:ផ្សេងៗជាច្រើនទៀត៕
សមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាកត់លេខទូរស័ព្ទរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីងាយស្រួលទាក់ទង និងជួយអន្តរាគមន៍ទាន់ពេលវេលា។៕

មតិយោបល់