ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនជីបម៉ុង០២នាក់ ជិះម៉ូតូលឿនបុករថយន្តកំពុងបត់ បណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញៈ នៅថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១ វេលាម៉ោង ២០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ CALTEX លើផ្លូវ២១៧ ស្ថិតក្នុងភូមិ ព្រែកកំពឹស សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្លិះដង្កោ និងម្នាក់ទៀត បានរងរបួសស្រាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានភាគីខាងម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ តាកែវ1W-4892 បើកបរដោយឈ្មោះ ទោយ សុភា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនជីបម៉ុង មានទីលំនៅភូមិព្រៃវែង ឃុំធ្លក ស្រុកទ្រាំ ខេត្តតាកែវ (រងរបួសស្រាល មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរជាមួយមានឈ្មោះ ហៀន ច្រច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនជីបម៉ុង មានទីលំនៅ ស្ថិតក្នុងភូមិព្រែកតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យម្លិះដង្កោ មិនពាក់មួកសុវត្ថិភាព) ។ ចំណែកភាគីរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-8876 ( អ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងហើយ និងម៉ូតូបើកបរស្របទិសដៅគ្នាពីជើងទៅត្បូង លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបត់ត្រលប់ក្រោយ ស្របពេលនោះក៏មានម៉ូតូបើកមកពីក្រោយ ក៏បានបុករថយន្តចំពីក្រោយពេញមួយទំហឹង បណ្ដាលអោយមនុស្សប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យម្លិះដង្កោ និងមនុស្សប្រុសម្នាក់ទៀត បានរងរបួសស្រាល ។

មូលហេតុ៖ បណ្តាលមកពីភាគីខាងម៉ូតូ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ។ រីឯសម្ភារៈខូចខាតរួមមាន៖ រថយន្តហើយ និងម៉ូតូ រងការខូចខាតស្រាល ។

បច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានប្រគល់អោយទៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ។ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ជូនអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់