ព័ត៌មានជាតិ

រថយន្ត​មិន​ស្គាល់​ម៉ាក បានបុកម៉ូតូSTR បណ្ដាលឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ បោកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់យ៉ាងអាណោចអធ័ម បន្ទាប់ពីជិះ១គ្រឿង ខណ:មកដល់ចំណុចផ្លូវបំបែកជា៣ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹងបោកនឹងថ្នល់។

ហេតុ​ការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនឹងផ្លូវកប់ស្រូវ ក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ពី ស៊ីដេ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មានស្រុកកំណើតនៅភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូSTR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GN-9364 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរពីលិចទៅកើតក្នុងបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលបោកនឹងថ្នល់ស្លាប់មួយរំពេច ភ្លាមៗនោះដែររថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតខាងលើទាក់ទងជំនាញមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំបងប្អូនយកឯកសារមកនិងប្រគល់ជូនវិញ។

ចំណែកសពរងគ្រោះក្រោយពីធ្វើកំណាត់ហេតុរួចសមត្ថកិច្ចទាក់ទងក្រុមគ្រួសារឲមកទទួលសពយកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់