ព័ត៌មានជាតិ

Update៖ សពយុវជនម្នាក់ ស្លាប់ពីព្រឹកមិញ មិនមែនឃាតកម្មទេ តាមពិតជាករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ Post News ថា សពយុវជនម្នាក់ ដែលប្រជាពលរដ្ឋប្រទះឃើញ ព្រឹកមិញហើយសង្ស័យជាករណីឃាតកម្មនោះ តាមពិតទៅគឺគ្រាន់តែជាគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ។

ក្រោយពីការត្រួតពិនត្យនៅកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ ដោយវិជ្ជបណ្ឌិត នង សុវណ្ណរដ្ឋ ពេទ្យតុលាការ បានបញ្ជាក់ថា សាកសពដែលប្រជាពលរដ្ឋប្រទះឃើញ មិនមែនស្លាប់ ដោយសារអំពើឃាតកម្មនោះទេ គឺដោយសារជនរងគ្រោះ ជិះម៉ូតូលឿន ដួលបោកក្បាលស្លាប់ខ្លួនឯងប៉ុណ្ណោះ។

ករណីប្រទះឃើញសពនេះ គឺនៅវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរប្រឡាយដីឡូតិ៍ចាក់ថ្មី ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ ស្រៀង សិលា អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ នៅហាង នីកា លក់ទូរសព្ទ័ដៃ ស្នាក់នៅជាមួយជីដូន ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមការសន្និដ្ឋាន ជនរងគ្រោះ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-3519 ជិះតែម្នាក់ឯង ក្នុងល្បឿនលឿន ធ្វើដំណើរពីលិទៅកើត (ចុះពីផ្លូវជាតិលេខ៣ ) លុះមកដល់ចំណុចកើតហេតុ ក៏ដួលបោកក្បាល ហើយម៉ូតូធ្លាក់ចូលប្រឡាយតែម្តង។

បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យរួច បានដឹងថាជាករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯងនោះ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់