Post News Media ព័ត៌មានជាតិ រថយន្ត​ឡិចស៊ី...

រថយន្ត​ឡិចស៊ីស៣៣០ ពាក់ស្លាកលេខ​ភ្នំពេញ2AJ-0927 បើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្រុងកំពត!

កំពត: កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅ​ផ្លូវបំបែកជាបួន មុខភោជនីយ៍ដ្ឋានតាឪ២ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

​រថយន្តបង្ក​ម៉ាកឡិចស៊ីស៣៣០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AJ-0927 អ្នកបើកបរមិនស្គាល់​អត្តសញ្ញាណ(ដោយបុករួចបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់) បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ បើកក្នុងទិសដៅពីលិចទៅកើត។ លុះដល់ត្រង់ចំណុចខាងលើបានបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1E-4703 បើកដោយឈ្មោះ ឈន វឌ្ឌ្យនា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទុង ខេត្តកំពត និងមានដឹកមនុស្សម្នាក់ពីក្រោយឈ្មោះ ចាន់ សីហា អាយុ១៥ឆ្នាំ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បើកក្នុងទិសដៅពីជើងទៅត្បូង ​បណ្តាលឲ្យអ្នកបើកម៉ូតូ​ស្លាប់​នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរពីក្រោយរងរបួសបាក់ភ្លៅស្តាំ(ធ្ងន់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

​បច្ចុប្បន្ន វត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត៕