ព័ត៌មានជាតិ

ចិនទៀតហើយ! ចាប់ខ្លួនជនជាតិចិនជាបុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ៥នាក់ ករណី​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ខុសច្បាប់​

​ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង៦ល្ងាច មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​លោត​ចេញពីផ្ទះ​វីឡា​មួយ ដែល​ស្ថិតនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​ដៃ​មាន​ជាប់​ខ្នោះ មិនមាន​សម្លៀកបំពាក់ ស្លៀក​តែ​ខោ​លី​អូ រត់​ចូល​ព្រៃ​បាត់ ។

​បន្ទាប់ពី​បានទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​៤ បាន​ចុះទៅ​ផ្ទះ​វីឡា​នោះ ពេលទៅដល់ កម្លាំង​សមត្ថកិច្ច​យើង​បានឃើញ​ជនជាតិ​ចិន៤​នាក់ ប្រុសៗ នៅមុខ​ផ្ទះ​វីឡា​នោះ ក​ន្លាំ​ង​របស់​យើង​បាន​ឃាត់​ឲ្យ​ពួកគេ​នៅ​ស្ងៀម តែ​ពួកគេ​បាន​ព្យាយាម​រត់ កម្លាំង​សមត្ថកិច្ច​របស់​យើង​ក៏​ដេញតាម​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង៤​នាក់​នោះ​តែម្តង បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឲ្យ​ពួកគេ​បើក​សោ​របង​ដើម្បី​ធ្វើ​រដ្ឋបាល តែ​ពួកគេ​ប្រាប់ថា កូនសោរ​នៅ​គ្នា​របស់​ពួកគេ​ម្នាក់ទៀត រត់គេចខ្លួន​បាត់​ហើយ ។​

​ដោយមាន​ការអនុញ្ញាតិពី​លោក​ព្រះ​រា​ជ្ញា នៃ​អយការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានឲ្យ​កម្លាំង​សមត្ថកិច្ច​យើង កាត់​សោ ដើម្បី​ធ្វើ​រដ្ឋបាល​ឆែកឆេរ ។ ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​មួយចំនួន​ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ ។​

​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ភេទ​ប្រុស បាន​រត់​ចូលទៅ​ក្នុងព្រៃ​បាត់ កម្លាំង​សមត្ថកិច្ច​យើង​កំពុងធ្វើការ​ស្វែងរក ។​
​ជនសង្ស័យ​ចំនួន ០៤​នាក់​៖
១-​ឈ្មោះ HUANG WU ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ GUO PAN ហៅ A ZHENG ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ EC០៧៨៩៤១៣ មុខរបរ បុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៣-​ឈ្មោះ ZHOU TAO TAO ហៅ XIAO YI ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៤-​ឈ្មោះ LU SHENMAN ហៅ A YUE ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ -​ដំបង​ដែក​រលាស់ ០២​ដើម​, -​កន្ត្រៃ ០១ , -​ស្កុ​ត ០១​ដុំ​, -​ខ្នោះដៃ ០១​គូ​, -​ស្រោម​ខ្នោះ ០២, -​ដៃ​ស្មារ​ហាល​ខោអាវ បត់​រុំ​ស្កុ​ត ០១, -​ទូរស័ព្ទដៃ​ចំនួន ០៦​គ្រឿង​, -​វ៉ា​លី​ស​សម្លៀកបំពាក់ ០៤ ក្នុងនោះ​មាន​សម្លៀកបំពាក់​មួយចំនួន​, -​កាបូបស្ពាយ ០៣ ក្នុងនោះ​មាន​សម្លៀកបំពាក់​មួយចំនួន ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​ដោយសារ​ជនរងគ្រោះ​បាន​ខ្ចីលុយ​ពី​ក្រុម​ជនសង្ស័យ ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ ។ ពេល​លេង​ចាញ់​គ្មាន​លុយ​សង ក៏ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​យកមក​ឃុំខ្លួន​នៅផ្ទះ​វីឡា​កន្លែងកើតហេតុ​តែម្តង ។ លុះ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង៦ល្ងាច ពេល​ក្រុម​ជនសង្ស័យ​កំពុង​ដេកលក់ ជនរងគ្រោះ​បាន​ផ្លោះ​របង​រត់​ចូលទៅក្នុង​ព្រៃ​បាត់ ហើយ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ឃើញ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​យើង​តែម្តង ។​

​ចំពោះ​ករណីនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

មតិយោបល់