ភ្នំពេញៈ ក្រុមជនជាតិចិនមួយមានគ្នាប្រហែល២០នាក់ បានរត់ដេញចាប់យកទូរស័ព្ទ និងភ្លើងហ្វារបស់អ្នកយកព័ត៌មានហាមមិនឲ្យថតរូបស្ត្រីជនជាតិចិនម្នាក់ បើករថយន្តលឿនដូចហោះបត់ឆ្លងផ្លូវទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យដួលរងរបួសស្រាល ហើយរថយន្តបង្កព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចដេញតាមឃាត់បានបង្កអោយមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខបុរីញ៉ូវថោនផ្លូវជាតិលេខ៤ ដែលស្ថិតនៅភូមិ អង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកឡិចស៊ីស RX- 300 ពណ៌ខ្មៅ បើកបរដោយស្ត្រីជនជាតិចិនម្នាក់ បើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ។ ចំណែកម៉ូតូរងគ្រោះម៉ាកស្កុបពី ពណ៌ស បើកបរដោយបុរសម្នាក់ បើកក្នុងទិសដៅពីលិចទៅកើតរងរបួសស្រាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ស បើកដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតជិះម្នាក់ឯង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX- 300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P -3463 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ បើកបរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ដោយមិនបន្ថយល្បឿនបានបុកម៉ូតូរងគ្រោះចំទទឹងម៉ូតូផ្នែកខាងមុខពេញទំហឹង បណ្តាលឲ្យដួលម៉ូតូ ចំណែកតៃកុងរងរបួសស្រាល ។
រីឯរថយន្តបង្កខាងលើដាច់កាងខាងមុខបានបើកជ្រុះកាងតាមផ្លូវ ហើយនៅតែព្យាយាមបើករត់តាំងពីកន្លែងកើតហេតុរហូតជិត២គីឡូម៉ែត្រ ទៅដល់ផ្លូវជាតិលេខ៣ ក្បែរបុរីសុខសាន ទើបសមត្ថកិច្ចឃាត់បានភ្លាមៗផងដែរ ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលដែលសមត្ថកិច្ចឃាត់បានស្ត្រីជនជាតិចិនដែលបើករថយន្តបង្ក បានហើយបម្រុងបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយ ស្រាប់តែមានអ្នកបកប្រែភាសាចិន និងជនជាតិចិនមួយក្រុមប្រហែល២០នាក់ បានចេញមុខមកជួយអន្តរាគមន៍ឲ្យនាំស្ត្រីជាអ្នកបើករថយន្តបង្កយកទៅដោះស្រាយនៅ កន្លែងកើតហេតុវិញទើបសមត្ថកិច្ចនាំទៅដោះស្រាយនៅកន្លែងកើតហេតុ ខណៈពេលទៅ ដល់កន្លែងកើតហេតុស្ត្រីជាអ្នកបើករថយន្តបង្កមិនបានចុះពីលើរថយន្តទេក៏ត្រូវអ្នកយក ព័ត៌មានឈរបើកភ្លើងហ្វាថតយករូបភាពអ្នកបើករថយន្តបង្កស្រាប់តែជនជាតិចិនមួយក្រុមប្រហែល២០នាក់ ដែលមកជួយអន្តរាគមន៍នោះបានរត់ដេញចាប់យកទូរស័ព្ទដៃ និងភ្លើងហ្វាពីអ្នកសារព័ត៌មានដោយរត់ប្រសេចប្រសាចពេញកន្លែងកើតហេតុ ហាមមិនឲ្យថតរូបភាពទេ ធ្វើឲ្យប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ទប់កំហឹងមិនបានបម្រុងនាំគ្នាព្រួតវាយជនជាតិចិននោះវិញហើយ កុំតែសមត្ថកិច្ចឃាត់កុំអីប្រជាពលរដ្ឋប្រដៅជនជាតិចិនដែលមករស់នៅស្រុកខ្មែរមិនគោរពច្បាប់ទម្លាប់ ហើយថែមទាំងផឹកស៊ីស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកទ្រូងផ្លូវបុកម៉ូតូ បណ្តាលឲ្យរងរបួសបាក់ដៃបាក់ជើងខ្លះទៀត រហូតបាត់បង់ជីវិតជារៀងរាល់យប់មិនដែលខានឡើយ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានដកហូតយកទូរស័ព្ទ និងភ្លើងហ្វាសម្រាប់បំភ្លឺថតរូបយកមកឲ្យអ្នកយកព័ត៌មានវិញ ។ ដោយឡែកពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ខាងបង្កមានតំណាងចេញមុខសម្របសម្រល ហើយភាគីខាងរងគ្រោះបានទាមទារសំណងចំនួន១ពាន់ដុល្លារសំរាប់ថ្លៃជួសជុលម៉ូតូនឹងព្យាបាលរបួសខាងបង្កបានសងសំណង១ពាន់ដុល្លារបញ្ចប់រឿងភ្លាមៗផងដែរ ៕
មតិយោបល់