ព័ត៌មានជាតិ

Update៖ ចុងភៅនៅរីស៊តកោះរ៉ុងសន្លឹម ជិះម៉ូតូឌុបបុគ្គលិកផ្សារសាម៉ូដឺរ៉ា ជ្រុលទៅបុករថយន្តកាមរីបាឡែន របួសធ្ងន់ទាំង២នាក់

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបានវ៉ាជែងរថយន្តនៅខាងក្រោយ ជ្រុលទៅបុកនឹងរថយន្តកាមរីបាឡែន បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ខាងកើតក្រុមហ៊ុនទឹកស្អាតអានកូរ ក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈដែលម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-4964 បើកបរដោយឈ្មោះ ស៊ាង ទីណា អាយុ២៥ឆ្នាំ មុខរបរចុងភៅរីស៊តកោះរ៉ុងសន្លឹម មានទីលំនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត និងមានអ្នករួមដំណើរម្នាក់ឈ្មោះ មៀច ណាត ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ បុគ្គលិកផ្សារសាម៉ូដឺរ៉ា ទីលំនៅភូមិអូររំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ពេលមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបានវ៉ាជែងរថយន្តខាងមុខ ហើយជ្រុលទៅបុកជាមួយរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7351 មានទិសដៅបញ្ច្រាសគ្នា អ្នកបើកបរឈ្មោះ ឡាង លីម ភេទស្រី អាយុ ៣៧ឆ្នាំ និងអ្នករួមដំណើរក្នុងរថយន្ត មួយចំនួនទៀត ពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ទាំង២នាក់តែម្តង ត្រូវបានកម្លាំងអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ ជួយសម្រួលចរាចរណ៍ ការពារកន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅគ្លីនិក៨៨៨ ឃ្លាំងលើ តែម្តង ។

ចំណែករថយន្ត និងម៉ូតូខាងលើ ត្រូវបានវាស់វែងយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់