ព័ត៌មានជាតិ

កក្រើកទៀតហើយ! ស្ត្រីម្នាក់ស្លាប់​ពេល​សម្រាលកូន​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ឡាំង​ ប៊ុ​ន​ ថន​ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្ម​ការី​នី​រោងចក្រ​ម្នាក់​ បាន​ស្លាប់​ពេល​សម្រាលកូន​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ឡាំង​ ប៊ុ​ន​ថន​ ផ្លូវជាតិ​លេខ​៤​ ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ ថ្ងៃ​​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​មន្ត្រី​នគរបាល​ការិយាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​ និង​កោសល្យ​វិ​ច្ច័​យ​ រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​(​សព​)​ឈ្មោះ ​យ៉េ​ត​ មក​រា​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​កម្ម​ការី​នី​រោងចក្រ​ ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​ក្នុង​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ ស្លាកស្នាម​លើ​ខ្លួន​សព​មាន៖ ស្នាម​ចាក់​ម្ជុល​នៅ​គន្លាក់​ដៃស្តាំ​០១​កន្លែង​,​ ស្នាម​ចាក់​ម្ជុល​នៅ​កដៃ​ស្តាំ​០១​កន្លែង​,​ ស្នាម​ចាក់​ម្ជុល​នៅ​កជើង​ឆ្វេង​០១​កន្លែង​។

​យោង​តាម​សម្តី​របស់​ឈ្មោះ​ ប៉ូច​ សា​រ៉ាត​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ដែល​ត្រូវជា​ប្តី​សព​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៣​និង​៣០​នាទី​ ប្រពន្ធ​ខ្ញុំ​ក៏​ឈឺពោះ​គ្រប់​ខែ​ ខ្ញុំ​និង​ប្រពន្ធ​ក៏​ជិះ​ម៉ូតូ​កង់​បី​មក​មន្ទីរ​សម្រាក​ព្យាបាល ​ឡាំ​ ប៊ុ​ន​ថន​ ស្ថិត​នៅ​ក្នុងភូមិ​ ជម្ពូ​រវ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ ពេល​ទៅ​ដល់​ប្រពន្ធ​ខ្ញុំ​ក៏​ដើរ​ចូល​ក្នុង​មន្ទីរពេទ្យ​ រួច​បុគ្គលិក​ពេទ្យ​ចាប់ផ្តើម​ត្រួតពិនិត្យ​នៅ​ក្នុង​បន្ទប់​សម្រាល​ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ថា​ស្បូន​ទើបតែ​បើក​បាន​មួយ​លេខ​ទេ​ឲ្យទៅ​ផ្ទះ​សិន​ទៅ​ ខ្ញុំ​និង​ប្រពន្ធ​ក៏​ត្រឡប់​មក​ផ្ទះ​ រហូត​ដល់​ម៉ោង​៧​និង​១០​នាទី​ ប្រពន្ធ​ខ្ញុំ​មាន​អាកា​រៈ​មិន​ស្រួល​ក៏​ដឹក​មក​មន្ទីរ​ពហុ​ព្យាបាល​ឡាំ​ ប៊ុ​ន​ ថន​ វិញ​គ្រូពេទ្យ​ក៏​ឲ្យ​ចូល​ក្នុង​បន្ទប់​សម្រាល​ហើយ​គ្រូពេទ្យ​សួរ​ខ្ញុំ​ថា​តើ​បង្កើត​តាម​ធម្មជាតិ​ ឬ​ក៏​វះ​ ខ្ញុំ​ក៏​ឆ្លើយ​ថាឲ្យ​វះ​ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ ប្រពន្ធ​ខ្ញុំ​ក៏​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅៗ​ មន្ទីរពេទ្យ​ឡាំ​ ប៊ុ​ន​ ថន​ ក៏​ដឹក​ប្រពន្ធ​ខ្ញុំ​តាម​រថយន្ត​សង្គ្រោះ​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ពេល​មក​ដល់​គ្រូពេទ្យ​ពិនិត្យ​រួច​ប្រាប់​ថា​ស្លាប់​បាត់​ហើយ​។​

​យោង​តាម​ការ​ពិនិត្យ​ និង​បញ្ជាក់​របស់​ឧកញ៉ា​ វេជ្ជបណ្ឌិត​ ន​ង​ សុវណ្ណរ​ត្ន័​ គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​ថា​ស្លាប់​ដោយ​គាំងបេះដូង​បណ្តាល​មក​ពី​ទឹកភ្លោះ​ចូល​ទៅ​ស្ទះ​ក្នុង​សរសៃឈាម​សួត​។ ​ក្រោយ​កើតហេតុ​សាកសព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ ៕

មតិយោបល់