ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួននិស្សិតសាលា ស៊ីតិចម្នាក់ ជាបណ្តោះអាសន្នរឿងលួច

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ឱ្យដឹងថា លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅ បានចេញដីកា សម្រេចបង្គាប់ឱ្យឃុំខ្លួន និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យស៊ីតិចម្នាក់ នៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធសំណុំរឿងលួច។

ប្រភពដដែលបានបន្ថែមថា លោក វង់ ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចោទប្រកាន់លើឈ្មោះ លឹម គឹមហេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ និស្សិត នៅសាកលវិទ្យាល័យស៊ីតិច ឆ្នាំទី២ និងចោរក្រៅម៉ោង ស្នាក់នៅភូមិព្រះពន្លាយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ លួច ប្រព្រឹត្តកាលពីថ្ងៃទីកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចតូបចាប់ហួយ នៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ជនត្រូវចោទខាងលើ បានប្រើល្បិចចូលទិញអីវ៉ាន់នៅក្នុងតូបលក់ចាប់ហួយរបស់ជនរងគ្រោះឈ្មោះ ស្រី ស្រស់ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ដោយឃើញកាបូបលុយជនរងគ្រោះទុកប្រហែស ជនត្រូវចោទ ក៏លួច និងឡើងជិះម៉ូតូរត់គេចខ្លួន តែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ ទើបសមត្ថកិច្ចខណ្ឌមានជ័យ ដែលដាក់គោលដៅត្រួតពនិត្យមួកកញ្ចក់តាមផ្លូវនៅច្រមុះជ្រូកក្បាលថ្នល់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលផ្សារដើមថ្កូវ ចាត់ការតាមនីតិវិធី៕
https://youtu.be/wkz5_0FMayc

មតិយោបល់