ព័ត៌មានជាតិ

Update៖ បុរស និងស្រ្តីវ័យចំណាស់ ២នាក់ ជិះម៉ូតូដួល ត្រូវរថយន្តកិនស្លាប់យ៉ាងរន្ធត់ នៅផ្លូ​​វជាតិលេខ៤

ព្រះសីហនុ: កាលពីវេលាម៉ោងជិត៣រសៀលថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សប្រុសស្រីវ័យចំណាស់២នាក់ ភាគីខាងម៉ូតូ បានស្លាប់បាត់បង់ជីវិត ដោយត្រូវរថយន្តកិនពីលើ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៣-២០៤ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា ម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ តា ចា ភេទប្រុស អាយុ ៥៨ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ មល ស្រីពៅ ភេទ ស្រី អាយុ ៥៨ឆ្នាំ អ្នកទាំងពីរ មុខរបរ លេងភ្លេងខ្មែរ មានទីលំនៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានធ្វើដំណើរចូលមកក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ ស្រាប់តែម៉ូតូធ្លាក់ចិញ្ចើមផ្លូវ អ្នកបើកម៉ូតូបានទាញចង្កូតឡើង មកលើផ្លូវវិញ ក៏បណ្ដាលឲ្យម៉ូតូដួល មកលើផ្លូវជាតិ រួចត្រូវបានរថយន្តដឹកដីខ្សាច់ មកដល់ក៏កិនពីលើស្លាប់ទាំងពីរនាក់តែម្ដង។

រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-2745 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ មានទិសដៅស្របគ្នា អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

មតិយោបល់