ព័ត៌មានជាតិ

ផឹកស្រវឹង​ខឹងសុំលុយម្តាយមិនបាន វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ បុរសម្នាក់ ត្រូវនគរបាលស្រុកលើកដែកធ្វើការចាប់ខ្លួន ក្នុងករណីហិង្សាក្នុងគ្រួសារ បន្ទាប់ពីបុរសសង្ស័យខាងលើបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអស់ជាច្រើន ព្រោះខឹងម្ដាយរបស់ខ្លួន។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី0១ ខែមករា ឆ្នាំ២០១៩ នៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល​។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហង់ សុទ្ធា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត​។

ទ្រព្យសម្បត្ដិខូចខាតមាន៖ ទូដាក់សំលៀកបំពាក់ចំនួន១ ,ធុងទឹកកកចំនួន១ ,ជញ្ជាំងផ្ទះ ធ្លុះធ្លាយទាំងសងខាង ,កង្ហារ១ ,ចង្រ្កានហ្គាស់១ និងសម្ភារៈផ្សេងៗមួយចំនួនជាច្រើនទៀត​។

ប្រភពដដែលបន្ដថា នៅថ្ងៃខែឆ្នាំកើតហេតុ វេលាម៉ោង១២និង៣០នាទី ជនសង្ស័យ​បានផឹកស្រារហូតស្រវឹងជោកជាំ រួចសុំលុយម្តាយរបស់ខ្លួន ដើម្បីទិញទូរស័ព្ទប្រើ ប៉ុន្តែស្រ្ដីជាម្តាយពុំមានលុយឲ្យទៅកូននោះទេ។ ភ្លាមនោះជនសង្ស័យក៏ខឹងយ៉ាងខ្លាំង ធ្វើអីម្ដាយមិនកើត ក៏ទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់របរសម្ភារៈក្នុងផ្ទះខ្ទេចខ្ទីអស់ស្ទើរគ្មានសល់​។
ភ្លាមនោះស្រ្ដីជាម្តាយក៏សម្រេចចិត្ដប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពាមរាំងឲ្យជួយធ្វើអន្តរាគមន៍​។

ក្រោយពីនគរបាលប៉ុស្ដិ៍រដ្ឋបាលបានទទួលពាក្យបណ្ដឹងពីស្រ្ដីរងគ្រោះរួច ភ្លាមនោះក៏កម្លាំងនគរបាលក៏បានចុះទៅដល់ផ្ទះកើតហេតុ រួចធ្វើការនាំខ្លួនជនសង្ស័យ​មកកាន់ប៉ុស្តិ៍រដ្ឋបាលពាមរាំង រួចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់