រតនគីរីៈ ព្រៃសហគមន៍ព្រមទាំងព្រៃបម្រុងទុករបស់រដ្ឋ ត្រូវបានគេព្រួយបារម្ភថា នឹងរលាយហិនហោច ខណៈពេលគេឃើញ រថយន្តស្តារិច កែច្នៃដឹកឈើសុក្រំ ស្ទើរតែរៀងរាល់យប់ចូលក្រុងបានលុង ពុំមានសមត្ថកិច្ចជំនាញ ណាហ៊ានបង្ក្រាបនោះឡើយ។
ជាក់ស្ដែងនៅព្រលប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ រថយន្តម៉ាកស្តារិចកែច្នៃមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ២AC.៤០១២ ដឹកឈើសុក្រំពេញ ចេញពីភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគីរី ចូលក្រុងបានលុង ដោយរលូន ពុំមានសមត្ថកិច្ច ឬជំនាញមើលឃើញនោះទេ។ រថយន្តដឹកឈើសុក្រំនោះ ត្រូវបានគេស្គាល់ថា ជារថយន្តរបស់លោក ផែន ចាន់វិបុល ហៅឆើត ជាមន្រ្តីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិតឺនបានឲ្យដឹងថា ឈើសុក្រំនេះ ត្រូវបានលោកនគរបាលខាងលើ ដាក់កម្លាំង និងម៉ាស៊ីនត្រង់ស៊ីន័រ ចូលព្រៃបម្រុងទុក និងព្រៃសហគមន៍ ភូមិតឺន ផែពុះច្រៀកចេញជាឈើប្រភេទក្ដារងឿ ហើយដឹកដោយរថយន្តកែច្នៃ (គោយន្ត) ចេញពីព្រៃ ចូលភូមិ ទើបលើកដាក់រថយន្តស្តារិចកែច្នៃ ដឹកបន្តចូលក្រុងបានលុង។
ជុំវិញករណីខាងលើនេះដែរ លោក ផែន វិបុល (ហៅ ឆើត) ថា រថយន្តដឹកឈើខាងលើ ពិតជារថយន្តរបស់លោកមែន គឺលោកដឹកយកទៅធ្វើផ្ទះនៅភូមិថ្មី។
បើទោះជាយ៉ាងណា មជ្ឈដ្ឋានទូទៅបានរិះគន់ថា ការដឹកឈើ យកទៅធ្វើផ្ទះ របស់លោកមន្ត្រីនគរបាល អាចដឹកបានម៉ាសេរី មិនថា ការកាប់ឈើបំផ្លាញឈើពីព្រៃហាមឃាត់យ៉ាងណានោះទេ ហើយមិនបាច់មានអាជ្ញាប័ណ្ណ ឬ មានច្បាប់ទម្លាប់អ្វីនោះដែរ៕
មតិយោបល់