សៀមរាបៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ឆក់ភ្ញៀវទេសចរណ៍)កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅម្តុំផ្សារដីហុយ ក្នុងភូមិ វត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ យ៉េប អារ៉ូហ្វូន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ទស្សិណត្បូង សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប និងទី២ឈ្មោះ សាវិន វណ្ណារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ MULRiEL SERRADELL ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិបារាំ ជាភ្ញៀវទេសចរណ៍។
ភ្លាមៗនោះកម្លាំងល្បាតពួនស្ទាក់ និងកម្លាំងឈរលើដងផ្លូវ មានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងការិយាល័យចរាចរផ្លូវគោក កម្លាំងការិយាល័យការពារនិងអន្តរាគម និង កម្លាំងនៃអធិការដ្ឋានក្រុងសៀមរាប កម្លាំងអង្គភាពទេសចរណ៍ បានប្រដេញនិងស្ទាក់ចាប់បានជនសង្ស័ទាំង២នាក់ខាងលើ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប និងដកហូតវត្ថុតាងដែលឆក់បានប្រគល់ឲ្យជនរងគ្រោះវិញ។
ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានជាបានឆក់ស្រ្តីជនជាតិបារាំងខាងលើពិតប្រាកដមែន ហើយជនសង្ស័យទាំង២នាក់ធ្វើតេស្តវិជ្ជមាននូវសារធាតុញៀន។
ករណីនេះកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់