ភ្នំពេញៈ សិស្សសាលា៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាទៅសាលារៀន ត្រូវបានរថយន្តកូរ៉េបើកបុកពីក្រោយ ហើយរុញផ្ទប់ចូលគូទរថយន្តកូរ៉េមួយគ្រឿងទៀតបើកនៅខាងមុខ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីរថយន្តបង្ក កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុង ពាក់ស្លាកលេខ ភ្នំពេញ3B-7228។ ចំណែករថយន្តមួយគ្រឿងទៀត កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយឃ្លប់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-7082 ។ រីឯម៉ូតូរងគ្រោះ នៅកណ្តាលគេ ម៉ាកហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-4093 ជិះគ្នា៣នាក់ បើកបរដោយឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១០ វិទ្យាល័យជម្ពូវ័ន មានទីលំនៅ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ ។ និងរួមដំណើរដោយឈ្មោះ បៀន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី១០ វិទ្យាល័យជម្ពូវ័ន មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ៣ រងរបួសធ្ងន់ និងឈ្មោះ ឡាញ់ រ៉ូហ្សា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០ ជាមួយគ្នា មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ៣ រងរបួសស្រាល ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូ ឌុបគ្នាទៅសាលារៀន ធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ដោយបើកតាមពីក្រោយរថយន្តឈឃ្លប់ ស្រាប់តែចំណុចខាងលើ ត្រូវបានរថយន្តកូរ៉េទ្រុង បើកពីជើងទៅត្បូង ស្របគ្នាបុកពីក្រោយម៉ូតូរុញផ្ទប់ចូលរថយន្តឃ្លប់ បណ្តាលឲ្យម៉ូតូគៀបជាប្រឡោះកណ្តាល មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។
ក្រោយកើតហេតុ ជនរងគ្រោះ ទាំង៣នាក់ត្រូវបាន មិត្តភក្តិ ក្រុមគ្រួសារ ដឹកតាមម៉ូតូផ្ទាល់ខ្លួនទៅពេទ្យដោយខ្លួនឯង ចំណែករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់