ព័ត៌មានជាតិ

​​លម្អិត! ករណីជនបិទមុខ​៤នាក់ ​ប្រដាប់ដោយអាវុធនិងពាក់​សក់​ក្លែង​ក្លាយ ​ចូលទៅព្យាយាមសម្លាប់វិស្វករ​សំណង់​ម្នាក់​តែ​មិន​សម្រេច​​ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ លោក​ឧត្តមសេនីយ៍​ត្រី​ កុល​ ផាលី​ ស្នងការ​រង ទទួលផែនព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ៧និង​៥០​នាទីយប់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ កន្លង​ទៅនេះ​ មាន​មនុស្ស​៤​នាក់​ ពាក់​ម៉ាស់​ និង​ពាក់​សក់​ក្លែងក្លាយ​ បាន​ប្រើ​កាំ​បិត​ស្នៀត​ និង​ កាំ​ភ្លើង​ខ្លី​ សម្រុក​ចូល​ទៅ​ក្នុង​រថយន្ត​របស់​ជនរងគ្រោះ​ ប៉ុន​ប៉ង​ធ្វើអំពើ​មនុស្ស​ឃាត​ ទៅ​លើ​វិស្វករ​សំណង់​ជនជាតិ​ចិន​​ម្នាក់​ នៅក្នុង​បរិវេណ​ការ​ដ្ឋាន​សំណង់​មួយ​កន្លែង​ ស្ថិត​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ ក្នុង​ខណៈ​ពេល​ដែល​ជនរងគ្រោះ​ បើក​ចូល​ ទៅ​ក្នុង​រថយន្ត​ ប៉ុន្តែ​អំពើ​មនុស្ស​ឃាត​នេះ​ មិន​បាន​សម្រេច​ ដោយ​សារ​មាន​កម្មករ​សំណង់​ ដែល​ជា​កូន​ចៅ​ របស់​ជនរងគ្រោះ​ បាន​ឃើញ​ ហើយ​ជួយ​ស្រែកបង្អើល ពេល​នោះ​ជន​សង្ស័យ​ ក៏​បាន​រត់​គេច​ខ្លួន​អស់​ទៅ​។

ជនរងគ្រោះ​ឈ្មោះ​ LIN YONGFEI​ អាយុ​៣៩ឆ្នាំ ជា​វិស្វករសំណង់​ នៅភូមិ២ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ​ រងរបួស មានស្នាមជាំនៅកញ្ចឹងក ។

លោក​ឧត្តម​សេនីយ៍​ត្រី កុល​ ផាលី បាន​បញ្ជាក់ថា៖ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ និង​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ កម្លាំង​ជំនាញ​ បាន​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុកដាក់ រយៈពេល៣ម៉ោង យើងឈានទៅចាប់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​ ឈ្មោះ ZHANG HONG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ​ ដោយ​ចាប់​យក​បាន​ កាំបិត​ស្នៀត១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ។
រហូត​ដល់​ថ្ងៃ​ទី​២​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៥​ ព្រឹក​ កម្លាំងជំនាញ ចាប់​ខ្លួន​ជនសង្ស័យបាន​ ចំនួន ៣នាក់ បន្ថែមទៀត៖ ទី១-ឈ្មោះ CHEN BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៣ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី) ។
ទី២-ឈ្មោះ ZHAO QINGSONG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED០៤៣០១២៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (ជនដៃដល់កាន់កាំភ្លើងភ្ជង់គំរាមជនរងគ្រោះ) ។ និងទី៣-ឈ្មោះ ZUO GUO XING ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៩៩៩៩០ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី)​។
​វត្ថុតាងចាប់យកបានបន្ថែមមាន​៖ កាំភ្លើងខ្លី១ដើម ម៉ាក RUGER SR9C លេខឈូសចោល បង់១ មាន​៤គ្រាប់,កូនកាំប៉ិតស្នៀត​១ដើម,​ស្រោមដៃ​១គូ ​និងសក់​ក្លែងក្លាយ​២​សម្រាប់​ ស្គុត​២​ដុំ​ និង​ដំបង​មួយចំនួន។

បន្ទាប់ពីការស្រាវជ្រាវ និង ចម្លើយ ជនសង្ស័យ ករណីនេះអាចជារឿងចាប់ជំរិត តែ ជនសង្ស័យបង្វែរជារឿងគំនុំវិញ។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់