ព័ត៌មានជាតិ

​សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ទំនេរពីសិក្សា ឆ្លៀតចេញឆក់​ចំជនបរទេសមិនសម្រេច…!

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទដៃ ស៊េរីទំនើប ម៉ាក iPhone XS-Mas ពីបុរសជនជាតិសឹង្ហបុរីម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ តែមិនបានសម្រេច កាលពីវេលាម៉ោង​៩​យប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅ​ផ្លូវសុធារស កែងផ្លូវ៣១២ ក្រុម៣០ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​ជនសង្ស័យ​មានឈ្មោះ ឡេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិយួន សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកបក្ខពួក ០២នាក់ទៀត មិនស្គាល់ឈ្មោះនោះទេ មានអាយុប្រហែល២១ឆ្នាំ ជិះម៉ូតូ ០២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមិនចាំស្លាកលេខ និង ០១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩។

ចំណែកជនរងគ្រោះមានឈ្មោះ CIMCHA YEE ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិសឹង្ហបុរី ស្នាក់នៅខុនដូរទ្រីលាម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់