ភ្នំពេញៈ កីឡាករបាល់ទាត់ជម្រើសជាតិដ៍ល្បីរបស់កម្ពុជា (CV11) ចាន់ វឌ្ឍនាកា បើករថយន្តស៊េរីទំនើបឡិចស៊ីសNX400t ស្លាកលេខ ភ្នំពេញ2AX-7011 បុកខឿនសួនច្បារស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចចុះពីលើរថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាកីឡាករបាល់ទាត់ជម្រើសជាតិ ចាន់ វឌ្ឍនាកា បានបើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡុចស៊ីស NX400t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AX-7011 រួមដំណើរជាមួយនារីរូបស្រស់សោភាម្នាក់ទៀត ក្នុងស្ថានភាពស្រវឹងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បានបួងចង្កូតបត់ស្តាំបម្រុងឆ្ពោះទៅផ្លូវ២៧១ ដោយមិនបន្ថយល្បឿន និងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនិងខឿនសួនច្បារដែលនៅខាងក្រោមស្ពានអាកាស៧មករា បណ្ដោយឲ្យខូចខាតជិត១០កង់ បែកខ្ទាតពេញផ្លូវ ។ ចំណែកឯរថយន្តបង្ករងការខូចខាតបែកកង់ និងកំពិតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបានប្រមាណ១០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅទីនោះធ្វើការជិះដេញឃាត់បានទាន់ពេលវេលា។ ប៉ុន្តែក្រោយមកអ្នកបើកបររថយន្តដែលគេបានស្គាល់ថា ជាកីឡាករបាល់ទាត់ជម្រើសជាតិ ចាន់ វឌ្ឍនាកា រួមទាំងនារីម្នាក់ទៀតដែលរួមដំណើររជាមួយគ្នា បានគេចខ្លួនចេញទៅបាត់ ដោយបន្សល់ទុកតែរថយន្តបង្កដែលរងការខូចខាតនៅនិងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕









មតិយោបល់