ព័ត៌មានជាតិ

​គ្មានទំនួលខុសត្រូវសោះ! រថយន្ដមិនចាំម៉ាក​បុកម៉ូតូ២គ្រឿង ស្លាប់ប្រជាការពារភូមិម្នាក់ រួចបើករត់បាត់ នៅ​ស្រុកពញាឮ!

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោច​ណាស់មនុស្ស​ម្នាក់ស្លាប់ និងម្នាក់​ទៀតរង​របួស ​ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយរវាង​រថយន្ដមួយ​គ្រឿងបើក​បុកជាមួយ​នឹងម៉ូតូ​២គ្រឿង​ពេញមួយ​ទំហឹង នៅវេលា​ម៉ោង១និង៥៧នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លើកំណាត់​ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល​។

មន្រ្តីនគរបាលចរាចរណ៍​ស្រុកពញា​ឮបានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ ណុប សារឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ​ដងគោមថ្មី ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1C-5476 និងអ្នកបើកប​រម៉ូតូមួយគ្រឿ​ងទៀតមិនស្គាល់​អត្ដសញ្ញាណ បើកបរម៉ូតូម៉ាក​ស៊ុយហ្ស៊ូគី វីវាធុនសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ ព-4709ភព1 ។ ចំណែកឯ​រថយន្ដពុំស្គាល់ម៉ាក បើកបរដោយជន​មិនស្គាល់អត្ដសញ្ញាណ បើករត់គេច​ខ្លួនក្រោយ​មានហេតុការណ៍​កើតឡើង ។

ប្រភពដដែលបន្ដថា នៅមុនពេល​កើតហេតុ សាក្សីបាន​ឃើញម៉ូតូ​ទាំង២គ្រឿង​បើកបរតាមបណ្ដោយ​ផ្លូវជាតិលេខ៥ ក្នុងទិសដៅពី​ត្បូងទៅជើង (ភ្នំពេញ-កំពង់ឆ្នាំង) លុះមកដល់​ចំណុចកើតហេ​តុស្រាប់តែ​មានរថយន្ដ​មួយគ្រឿង​បើកច្រាស់ទិសគ្នា បណ្ដាលឲ្យបុក​ជាមួយម៉ូតូ​ជនរងគ្រោះ​​ទាំង២គ្រឿង ធ្វើឲ្យជន​រងគ្រោះជា​អ្នកបើកបរ​ម៉ូតូម៉ាកហុងដាឌ្រីម ស្លាប់ភ្លាមៗ​នៅកន្លែងកើត​ហេតុ រីឯអ្នក​បើកបរម៉ូតូមួយគ្រឿង​ទៀតម៉ាក​ស៊ុយហ្ស៊ូគីវីវ៉ា រងរបួសស្រាល ។ ចំណែករថយន្ដ​ក្រោយពីមាន​ហេតុការណ៍កើតឡើង បានបើករត់​គេចខ្លួនបាត់​ស្រមោល​តែម្ដង ។

ក្រោយពីមាន​ហេតុការណ៍​កើតឡើង នគរបាលចរាចរណ៍​ស្រុកបានចុះមក​អន្ដរាគមន៍​កន្លែង​កើតហេតុ រួចធ្វើការពិនិត្យ​វាស់វែង បញ្ជាក់ថា ម៉ូតូទាំង២គ្រឿងពិត​ជាត្រូវរថយន្ដ​បើកបុកប្រាកដមែន ក្រោយពីពិនិត្យចប់ សាកសពត្រូវបាន​សមត្ថកិច្ចប្រគល់​ទៅឲ្យក្រុម​គ្រួសារយកទៅ​ចាត់ចែងធ្វើ​បុណ្យតាម​ប្រពៃណី រីឯម៉ូតូទាំង​២គ្រឿងត្រូវបាននគរបាល​ជំនាញកសាង​ឯកសារយក​មករក្សាទុក​នៅអធិការដ្ឋាន​នគរបាលស្រុក ដើម្បីចាត់​ការតាម​នីតិវិធីច្បាប់ ៕

មតិយោបល់