ភ្នំពេញៈ អគ្គិភ័យដ៏រន្ធត់មួយបានបណ្តាលឲ្យស្ត្រីជាអាជីវករលក់កាបូបនៅផ្សារឈូកមាសម្នាក់ត្រូវភ្លើងឆេះស្លាប់នៅក្នុងបន្ទប់ឡៅតឿ យ៉ាងអាណោចអាធ័ម សង្ស័យបណ្តាលមកពីទុស្សេម៉ាស៊ីនត្រជាក់។
ហេតុការណ៍ដ៏រន្ធត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះអត់លេខ ខាងត្បូងសាលាមុំប្រមាណ៣០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិគ្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សពជនងគ្រោះខាងលើមានឈ្មោះ លាង អ៊ី ភេទស្រី អាយុ៣៧ឆ្នាំ ជាអាជីវករលក់កាបូបនៅផ្សារឈូកមាស និងមានប្តីឈ្មោះ ជ្រុន សុខដា អាយុ៤០ឆ្នាំ នៅលក់ជាមួយប្រពន្ធ និងមានកូនប្រុសស្រីតូចៗ២នាក់ផងដែរ ហើយពួកគាត់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមសម្តីពីបុរសជាប្តីរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតកាលព្រឹកថ្ងៃទី១១កន្លងទៅថ្មីនោះ គាត់បានហៅជាងម៉ាស៊ីនត្រជាក់ឲ្យមកធ្វើការលាងសម្អាតនៅក្នុងបន្ទប់ជាន់ឡៅតឿផ្នែកខាងមុខ។ រហូតដល់យប់ថ្ងៃដដែល ប្រពន្ធរបស់គាត់ក៏បានត្រលប់មកពីផ្សារវិញ បានត្អូញថាមិនសូវស្រួលខ្លួន រួចក៏បានលេបថ្នាំហើយចូលទៅដេកនៅក្នុងបន្ទប់កើតហេតុតែម្នាក់ឯង ដោយដេញឲ្យកូនទាំង២នាក់ទៅដេកជាមួយគាត់ជាឪពុកនៅឯបន្ទប់ឡៅតឿផ្នែកខាងក្រោយ ដែលនៅទល់មុខនឹងបន្ទប់កើតហេតុ បន្ទប់មកគាត់ក៏បាននាំកូនៗទាំង២នាក់ ចូលទៅដេកនៅក្នុងបន្ទប់ឡៅតឿនោះទៅ។ លុះដល់វេលាកើតហេតុខណៈពេលដែលគាត់និងកូនៗកំពុងដេកលក់ ក៏ស្រាប់តែមានលឺសម្លេងផ្ទុះនិងក្លិនឆ្ងៀម គាត់ក៏បានស្ទុះងើបដេកស្រាប់តែឃើញមានសុទ្ធតែផ្សែងខ្មៅពេញផ្ទះរបស់គាត់។ ភ្លាមៗនោះគាត់ក៏បានឆោឡោប្រញាប់ប្រញាល់នាំកូនៗរបស់គាត់ចេញទៅខាងក្រៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះក្នុងបន្ទប់កើតហេតុ ដែលជាបន្ទប់របស់ប្រពន្ធគាត់ដេក។ រួចក៏មានប្រជាពលរដ្ឋបាននាំគ្នាយកដុំថ្មទៅកុបបំបែកកញ្ចក់បង្អួចបន្ទប់នោះដើម្បីបាញ់ទឹកពន្លត់។ ចំណែកឯគាត់ក៏ស្ទុះឡើងទៅមើល ប៉ុន្តែទ្វារបន្ទប់នោះត្រូវបានជាប់កន្លឹះបណ្តាលឲ្យមិនអាចបើកមើលប្រពន្ធគាត់បាន។ មួយសន្ទុះក្រោយមកភ្លើងក៏រលត់ គាត់ក៏ប្រញាប់ប្រញាល់នាំគ្នាទម្លាយទ្វារបន្ទប់ដើម្បីជួយសង្គ្រោះជនរងគ្រោះ តែជាអកុសលជនរងគ្រោះជាប្រពន្ធត្រូវភ្លើងឆាបឆេះខ្លោចស្លាប់នៅលើពូកបាត់ទៅហើយ។
ក្រោយមក មានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកធ្វើការត្រួតពិនិត្យនៅនិងកន្លែងកើតហេតុ បានអោយដឹងថាករណីអគ្គិភ័យខាងលើនេះគឺមានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតនោះទេ គឺខូចខាតតែសម្ភារៈនៅក្នុងបន្ទប់ឡៅតឿអស់ចំនួន ហើយសមត្ថកិច្ចបានសណ្ឋានថា គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់។
ក្រោយពីត្រួតពិនិត្យរួចរាល់ហើយ សមត្ថកិច្ចក៏បានធ្វើលិខិតស្នាម និងបានប្រគល់ពសជនរងគ្រោះទៅឲ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់