ភ្នំពេញៈ កម្មវិធីផឹកស៊ីសុទ្ធតែស្រីៗ កំពុងតែសប្បាយៗ ស្រាប់តែផ្ទុះហេតុការណ៍ ដោយសារប្អូនប្រុសបង្កើត ទៅអុកឡុកគប់ទឹកកក ទាញបំបះតុចោល ផ្អើលភ្ញៀវឈុល កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
បុរសបង្កខាងលើ ឈ្មោះ ឃឹម សុភា ហៅប៉េ អាយុ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបងស្រី ឈ្មោះ ឃឹម សុជាតិ អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះស្នាក់នៅផ្ទះជាមួយគ្នា ។
តាមប្រភពពីស្រ្តីម្ចាស់កម្មវិធី បានឲ្យដឹងថា មុនកើតហេតុបងស្រី បានបង្កើតកម្មវិធី ជួបជុំមិត្តភក្ដិ អ្នកស្គាល់គ្នា ផឹកស៊ីនៅផ្ទះ ហើយខណៈដែល មិត្តភក្ដិរបស់បងស្រី កំពុងហូបចុកនោះ ប្អូនប្រុស ចាក់ធុងបាស់បំពងសំទ្បេងឮៗ ហើយត្រូវបានបងស្រីស្តីបន្ទោស កុំឲ្យបើកសំទ្បេងខ្លាំងពេក ជៀសវាងរំខានដល់អ្នកជិតខាង តែបែជាប្អូនប្រុសខឹងទៅវឹង ក្លាយទៅជាហិង្សាមួយ គប់ទឹកលើភ្ញៀវ ស្ទុះទៅទាញបំបះតុផឹកស៊ីរបស់បងចោល ភ្ញៀវផ្អើលឈុល ។
តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា បុរសបង្កខាងលើ ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែអុកឡុកក្នុងក្រុមគ្រួសារ មកដល់លើកនេះ បង្កបញ្ហាជាថ្មីម្តងទៀត ទើបបងស្រីទ្រាំលែងបាន ប្តឹងប៉ូលិសឲ្យឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍ ដើម្បីអនុវត្តន៍តាមនីតិវិធីតែម្ដង៕
មតិយោបល់