ព័ត៌មានជាតិ

តួកគី ទិតៀនការព្រមានរបស់លោក ត្រាំ ជុំវិញការវាយប្រហារជនយុទ្ធឃឺដ នឹងធ្វើឲ្យដួលរលំសេដ្ឋកិច្ចខ្លួន

តួកគីៈ ភាពតានតឹងរវាងក្រុងអានការ៉ា និងវ៉ាស៊ីនតោន បានកើនឡើងបន្ថែមទៀត ទៅលើបញ្ហាជនយុទ្ធឃឺដ នៅពេលដែលរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានប្រកាសកាលពីសប្តាហ៍មុនថា តួកគី នឹងចាប់ផ្តើមប្រតិបត្តិការយោធា នៅភាគខាងកើតទន្លេ Euphrates បើសិនបើអាមេរិក បរាជ័យក្នុងការដកទ័ពរបស់ខ្លួន ចេញពីសាធារណរដ្ឋអារ៉ាប់។ ​នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយនាពេលថ្មីៗនេះ ពីសំណាក់ប្រធានាធិបតីអាមេរិក ដែលបានព្រមានថា «សេដ្ឋកិច្ចទីក្រុងអានការ៉ា នឹងរងការបំផ្លិចបំផ្លាញ បើសិនរបបមួយនេះ ផ្តោតគោលដៅវាយប្រហាររបស់ពួកគេ លើកងកម្លំាងឃឺដ ដែលគាំទ្រដោយអាមេរិក នៅក្នុងប្រទេសស៊ីរីនោះ»។

តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់ឲ្យបញ្ហាឃឺដ ធ្វើឲ្យតួកគីខឹងនោះទេ។

ការគាំទ្ររបស់អាមេរិក ចំពោះពួកសកម្មប្រយុទ្ធឃឺដ ដែលបានប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ Daesh នៅស៊ីរី គឺជាចំណុចយ៉ាងស្និតនៃទំនាក់ទំនង រវាងសម្ព័ន្ធមិត្តណាតូទាំងពីរ។ ប៉ុន្តែតួកគី បានចាត់ទុកថា ឃឺដ (YPG) គឺមានបណ្ដាញផ្សារភ្ជាប់ជាមួយជនប្រដាប់អាវុធ PKK ដែលត្រូវបានហាមឃាត់ ដោយក្រុងអានការ៉ា និងចាត់ទុកថាជាអង្គការភេរវកម្ម៕

មតិយោបល់