ភ្នំពេញៈ កម្មករ កម្មការិនីកាត់ដេរ រោងចក្រ ឡុង វិចថូរី អ៊ិនធើណេសិនណល (ខេមបូឌា) លីមីធីតប្រមាណជាង៤០០នាក់ បាននាំគ្នា ធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ខែនិងប្រាក់អតីតភាពការងារ បន្ទាប់ពីរោងចក្រ ដំណើរការសុខៗ ស្រាប់តែថៅកែដឹកជញ្ជូនអីវ៉ាន់ចេញដោយពុំបានដោះស្រាយឡើយ។
ការតវ៉ាបានផ្ទុះឡើង កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដោយកម្មករ កម្មការិនីបាននាំគ្នា ជួបប្រមូលផ្តុំនៅមុខ រោងចក្រ ដែលមានទីតាំងនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ។
អ្វីដែលមានការចាប់អារម្មណ៍ បន្ទាប់ពីតំណាងសហជីពដឹកនាំកម្មករ ជួបប្រមូលផ្តុំមួយសន្ទុះ ស្រាប់តែមិនចង់ឲ្យមានការផ្សព្វផ្សាយ ហើយអ្នកយកព័ត៌មានសុំថត សំណើរ របស់កម្មករ ដែលបានផ្តិតមេដៃទាមទារ ក៏មិនអនុញ្ញាតឲ្យថតឡើយ ។
តាមកម្មករបានឲ្យដឹងថា រោងចក្រនេះមានកម្មករកម្មការីនី ប្រមាណ៤២០នាក់ បាននាំគ្នា ធ្វើកូដកម្ម តាំងពីថ្ងៃទី១២ ខែមករា មកម៉្លេះ បន្ទាប់ពីរោងចក្រនេះដំណើរការសុខៗស្រាប់តែថៅកែបានដឹកជញ្ជូន ម៉ាស៊ីន និងសម្ភារៈមួយចំនួនចេញដោយពុំដឹងពីមូលហេតុ។ ការជញ្ជូនអីវ៉ាន់នេះចេញសង្ស័យ រោងចក្រខាងលើប្រុង បិតទ្វាររើទៅកន្លែងផ្សេង ដោយគេចវេសមិនដោះស្រាយ ប្រាក់អតីតភាព និងប្រាក់ផ្សេងៗទៀតទៅតាមច្បាប់។
តាមកម្មករ បានឲ្យដឹងទៀតថា រោងចក្រ បានដំណើរ ការប្រមាណជាង១០ឆ្នាំ មកហើយ មានកម្មករ កម្មការិនី ប្រមាណ១៤០០នាក់ ។ មួយរយៈចុងក្រោយ ថៅកែរោង ចក្របានរំសាយកម្មករ ដែលចប់កិច្ចសន្យា ជាបន្តបន្ទាប់អស់ប្រមាណ១០០០នាក់ នៅសល់តែ៤២០នាក់ ស្រាប់តែកំពុងតែធ្វើការសុខៗរោងចក្រក៏បានដឹកជញ្ជូនអីវ៉ាន់ចេញដោយពុំដឹងមូលហេតុ ។
កម្មករ ក៏បានបញ្ជាក់ថា ការធ្វើកូដកម្មនេះ ដើម្បីសូមឲ្យក្រុមហ៊ុន បញ្ជាក់ ថា តើក្រុមហ៊ុន ដំណើរការតទៅទៀត ឬអត់ ។ បើក្រុមហ៊ុននៅដំណើរការ សូមកុំបញ្ចប់កិច្ចសន្យាកម្មករដែលមានកំហុស។ បើក្រុមហ៊ុនមិនដំណើរការសូមទទួលខុសត្រូវដោះស្រាយ ប្រាក់ខែនិងប្រាក់អតីតភាពការងារជួនកម្មករ ទើបអាចប្តូរទីតាំង និងរើសម្ភារៈចេញបាន។ ទោះបីជាយ៉ាង ណា អ្នកយកព័ត៌មានពុំទទួលបានការបំភ្លឺណាមួយពីរោងចក្រឡើយ៕
មតិយោបល់