ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូស្លាប់២នាក់! Post News ទាក់ទងសួរមន្ត្រីប៉ូលិសចរាចរណ៍ស្រុកប្រាសាទបាគង បែរជាឆ្លើយថា…

សៀមរាបៈ អាជ្ញាធរស្រុកប្រាសាទបាគង បានអះអាងថា បុរស២នាក់ ត្រូវបានរថយន្តបុកស្លាប់ភ្លាម នៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោងទៀបភ្លឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

ករណីនេះកើតឡើងរវាងរថយន្ត និងម៉ូតូបើកបញ្រ្ចាសទិសគ្នា ត្រង់ចំណុចមុខផ្សារស្វាយធំ ដែលបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់។

ជនរងគ្រោះទី១ អ្នកបើកម៉ូតូឈ្មោះ ញាន ញូន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជ្រៃ ឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់) ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1D-2337 ។ ទី២ ឈ្មោះ ឈង់ ឆូន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជាមួយគ្នា (ស្លាប់) និងខូចម៉ូតូ១គ្រឿង។

មន្ត្រីអាជ្ញាធរមូលដ្ឋានបញ្ជាក់ថា តៃកុងរថយន្តរត់គេចខ្លួន រថយន្តម៉ាកស៊ីណូ ពណ៌ខៀវស្លាកលេខ ភ្នំពេញ 3A-9324 ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សរុបការខូចខាតស្លាប់មនុស្ស ២នាក់ ខូចម៉ូតូ ១គ្រឿង រថយន្ត១គ្រឿង។ រថយន្ត និងម៉ូតូ រក្សាទុកនៅអធិការនគរបាលស្រុក។ ដោយឡែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។

ពាក់ព័ន្ធករណីនេះដែរ Post News បានធ្វើការទាក់ទងទៅមន្ត្រីប៉ូលិសចរាចរណ៍ស្រុកប្រាសាទបាគង ដើម្បីសួរព័ត៌មានទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបណ្តាលឲ្យស្លាប់២នាក់ តែលោកប៉ូលិសបានឆ្លើយមកប្រាប់អ្នកកាសែតវិញថា «ឲ្យទាក់ទងទៅសួរមេ» ទើបអ្នកកាសែតបានទាក់ទងទៅកាន់លោកអធិការរងទទួលផ្នែកចរាចរណ៍ បានឆ្លើយថា«ឲ្យអ្នកកាសែតទាក់ទងទៅប្រធានផ្នែកចរាចរណ៍វិញ» លុះអ្នកកាសែតតេទូរសព្ទទៅលោកប្រធានផ្នែកចរាចរណ៍វិញ បែរជាទូរសព្ទបានផ្តាច់បាត់៕

មតិយោបល់