ភ្នំពេញៈ កូនប្រុសម្ចាស់ហាង KTV សែនអាល័យអូន ម្នាក់ ញៀនថ្នាំដល់កម្រិត បែកនូវចរិតខ្លាពេញខ្លួន បង្កអុកឡុកក្នុងហាងខ្លួនឯង បោកកែវ ចាន ឆ្នាំង ភ្ញៀវផ្អើលរត់ជាន់ជើងគ្នា ដណ្តើមរកច្រកចេញ ចំណែកម្តាយទ្រាំលែងបានមានតែប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងហាង«សែនអាល័យអូន» តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ យឹម មុន្នី ហៅធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជួយលើកភេសជ្ជៈឲ្យភ្ញៀវ ស្នាក់នៅក្នុងក្នុងហាងខាងលើ ជាមនុស្សញៀនថ្នាំ ដោយមានម្តាយ ឈ្មោះ ឆាយ រុន អាយុ៥៨ឆ្នាំ មុខរបរថៅកែហាង KTV សែនអាល័យអូន ។
តាមក្រុមគ្រួសារបានឲ្យដឹងថា កន្លងមកជនសង្ស័យបញ្ចេញនូវចរិតបែបនេះ ច្រើនលើកច្រើនសារហើយ មកដល់យប់កើតហេតុហេតុ ជនសង្ស័យ បង្កការអុកឡុកសារជាថ្មី បោក កែវ ទូរស័ព្ទ របស់របរ បង្កឲ្យភ្ញាក់ផ្អើល ម្តាយជាម្ចាស់ហាងទ្រាំលែងបានប្តឹងប៉ូលិសចាប់ខ្លួន ។
តាមអ្នកជិតខាងបានឲ្យដឹងថា ភ្ញៀវណាមិនភ័យ បើជនសង្ស័យបញ្ចេញនូវចរិត កាច បោកកែវ ចាន ឆ្នាំង រឿងអីមិនរត់គេចសិន ដោយសភាពកាន់តែតានតឹង ទើបប៉ូលិសចុះទៅអន្តរាគមន៍ ចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ម្តាយ ។
ជនសង្ស័យក្រោយពីសមត្ថកិច្ចចាប់ខ្លួននាំទៅប៉ុស្តិ៍ ទោះជាបន្ទន់ឥរិយាបថបន្តិចមែន សំពះអង្វរម្តាយ កុំឲ្យប្តឹងយ៉ាងណាក្តី តែម្តាយប្រកាន់ជំហរមួយ ស្រឡាញ់កូន មានតែជម្រើសមួយ ដើម្បីឲ្យកូនកែប្រែខ្លួន ទៅជាមនុស្សល្អ រស់នៅក្នុងសង្គមថ្លៃថ្នូរ ត្រូវបានប្តឹង ឲ្យប៉ូលីសចាប់ខ្លួនអនុវត្តន៍ទៅតាមនីវិធី ក្នុងហេតុផល ច្រើនលើកច្រើនសារមកហើយ ៕
មតិយោបល់