បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកឌីមិច ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ០៨៤៧ បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បានជ្រុលមកបុកនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-8620 រួចបន្តទៅបុករថយន្ត១គ្រឿងទៀតម៉ាកកាមរី ពណ៌សំបកឪឡឹក សេរ៊ីឆ្នាំ១៩៩២ ទើបអស់ល្បឿនលឿនទៅមុខលែងរួច និងបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ១១ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុប ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងរវាងរថយន្តបុកម៉ូតូ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នាចំណុចភ្លើងស្តុប លើផ្លូវជាតិលេខ ៥៦អា ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយបង្កឡើងដោយថយន្ត១គ្រឿងម៉ាកឌីមិច ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ០៨៤៧ បើកបរដោយមន្ត្រីយោធា ម្នាក់ឈ្មោះ ណុំ សុគា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើកបរពីជើងទៅត្បូងមកដល់ចំណុចភ្លើងស្តុបមានភ្លើងក្រហម តែមិនឈប់បានបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-8620 បើកបរដោយឈ្មោះ នូវ ព្រឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិពន្សាយជើង ឃុំស្វាយចេក
ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរឆ្លងផ្លូវពីលិចទៅកើត រួចរថយន្តនោះបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាកកាមរី ពណ៌សំបកឪឡឹក សេរ៊ីឆ្នាំ១៩៩២ (ដែលឈប់ចាំភ្លើងស្តុបពណ៌ក្រហម) បើកបរដោយឈ្នោះ ដន ស ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងករណីនេះបណ្ដាលឲ្យឈ្មោះ នូវ ព្រឿន របួសបែកក្បាល(ធ្ងន់)និងបាក់កជើងឆ្វេង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចំណែកមូលហេតុដោយសារអ្នកបើកបររថយន្តត្រេអ៊ីឈ្មោះ ណុំ សុគា បើកបរមិនគោរពភ្លើងស្តុប(ពណ៌ក្រហម) និងបណ្តាលឲ្យម៉ូតូខូចខាតធ្ងន់ រថយន្តទាំង២ខូចខាតស្រាល យកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្វាយចេក៕






មតិយោបល់