ព្រះសីហនុៈ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៤គ្រឿង បុកប៉ះគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ១៣២-១៣៣ ភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
តាមរបាយការណ៍ពីកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២បញ្ជាក់ថា ករណីបង្កដោយរថយន្តមួយគ្រឿងម៉ាក LESUX RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នុំពេញ 2AD-9995 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ (អ្នកបើកបរ រត់គេចបាត់) លុះមកដល់ចំណុចខាងលើបានឡើងវ៉ាស្តាំជៀសរថយន្តផ្សេងៗ ចុះដល់ផ្លូវគ្រួសក្រហម រួចបានជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកថ្ម ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2010 ក្នុងទិសដៅបញ្ច្រាសគ្នាបើកបរដោយឈ្មោះ ហៀង ឡាយហាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ភ្លាមៗឃើញហេតុការណ៍ដូចនេះ អ្នកបើកបររថយន្តមួយគ្រឿងទៀត ម៉ាកLEXUS RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8772 បើកបរដោយឈ្មោះ លឹក ផល្លា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របពីក្រោយ រថយន្តបង្ក ក៏ជាន់ហ្រ្វាំងបន្ថយល្បឿន ហើយត្រូវបានរថយន្តបែនមួយផ្សេងទៀត ពណ៌ត្រីអ៊ី ម៉ាកនីសសាន់ ពាក់ស្លាកលេខ ខេមរភូមិន្ទ05 3-1779 ជ្រុលទៅបុកចំពីក្រោយបណ្តាលខូចខាតផ្នែកខាងក្រោយ ដែលអ្នក បើកបរឈ្មោះ កុង នី អាយុ២៣ឆ្នាំ មានទីលំនៅភូមិកងពល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យខូចខាតរថយន្តធំ តូច ចំនួន៤គ្រឿង តែមិនប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ក្រោយហេតុការណ៍កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយនគរបាលលអធិការដ្ឋាននគរបាលស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរ។ រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធី ៕
មតិយោបល់