ព័ត៌មានជាតិ

​បុគ្គលិកក្រុមហ៊ុន​ទេសចរណ៍ម្នាក់ ត្រូវចោរឆក់ទូរស័ព្ទតម្លៃជិត​១៦០០​ដុល្លារ​ បង់រំលោះមិន​ទាន់​អស់​ផង

ភ្នំពេញៈ បុរស​ម្នាក់​ រួមទាំង​ប្រពន្ធ​ និងកូន​ខណៈកំពុងជិះម៉ូតូចេញពី​កន្លែងធ្វើការ ​ជិត​មក​ដល់​ផ្ទះហើយ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ស៊េរី​ទំនើប​មួយ​គ្រឿងបាន​សម្រេច ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល។

ហេតុការណ៍នេះ បានកើតទ្បើង​កាលពី​វេលា​ម៉ោង​៧​ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជន​រង​គ្រោះ​ឈ្មោះ សៅ រតនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ ស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ ភូមិ​ថ្នល់​បែក ឃុំ​រកា​ក្រៅ​ ស្រុកដូន​កែវ ខេត្តតាកែវ​។

ចំណែក​ទូរស័ព្ទ​មួយ​គ្រឿង​ ដែល​ជនសង្ស័យ​ឆក់​យក​ទៅបាត់​​នោះ​ម៉ាក iPhone XS Max ពណ៌​ប្រផេះ តម្លៃ១៥៩៦​ដុល្លារ ទើប​បង់​រំ​លោះ​ត្រូវក្រុមជនសង្ស័យឆក់យកទៅបាត់។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ បាន​ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ គាត់​បានជិះម៉ូតូ​ឌុ​ប​ប្រពន្ធ និង​កូនប្រុស​តូច​ម្នាក់ ​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ផ្សារ​អ៊ី​អន​២ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្វី​ណូ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ប្រាប់​ថា ទូរស័ព្ទ​របស់​គាត់​បាន​ទុក​នៅ​ក្នុង​ហោប៉ៅ​អាវ លុះ​​គាត់​បើកបរ​ម៉ូតូ​ មក​ដល់​ចំណុច​កើតហេតុ ក៏​​ឈប់​ ព្រោះភ្លើង​មានភ្លើងស្តុ​បពណ៌ក្រហម ពេល​កំពុងឈប់ស្តុបនោះ​ ស្រាប់តែ​ឃើញ​ជនសង្ស័យទាំង​២នាក់​​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី ហើយ​បាន​មក​ឈប់​ស្តុ​ប​ជាមួយ​គាត់​ដែរ ពេល​ភ្លើងស្តុប​ពណ៌​ខៀវ គាត់​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ តែ​មិន​បាន​ចាប់អារម្មណ៍ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​កៀក​គាត់ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ ​ពី​ហោប៉ៅ​របស់​គាត់តែម្តង។

ភ្លាម​ៗ​នោះហើយ​ជនសង្ស័យ​ខាងលើ​ ក៏​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍ នៅ​ពេល​នោះ​ដែរ គាត់​បាន​ជិះ​ម៉ូតូ​តាម​មើល​ជនសង្ស័យ​ដែរ គ្រាន់តែ​ដឹង​ថា ជនសង្ស័យ​ជិះ​ម៉ូតូ​ចូល​ម្តុំ​ខាងក្រោយ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ តែ​មក​ដល់​ចំណុច​ដែល​ជន​ជនសង្ស័យ​ជិះ​ម៉ូតូ​ចូល​ទៅ​នោះ សមត្ថកិច្ច​រុករក​មិនឃើញ​ឡើយ ដោយ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​ហើយ៕

មតិយោបល់