ព័ត៌មានជាតិ

​​វិធានការ​ក្តៅ! ​សមត្ថកិច្ចឃាត់​រថយន្ត​ធុន​ធំ​ដឹក​ដី​ ដឹក​ខ្សាច់​ ដឹក​ទំនិញ​ចូល​ទី​ក្រុង​ ខុស​ពេល​វេលា នៅក្រុងព្រះសីហនុ​

​​ព្រះសីហនុៈ លោក​ឧត្តមសេនីយ៍ត្រី​ អ៊ី​ សុខា​ ស្នងការ​រង​ទទួលផែនសណ្ដាប់​ធ្នាប់ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​១​៧ ​ខែ​មករា​ ឆ្នាំ​ ២០១៩​ នេះ​ ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់​បញ្ជាណែនាំពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្រោមការណែនាំ​ផ្ទាល់​ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នង​ការ​នគរបាលខេត្ត លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា បាន​ដឹកនាំ​កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះ​រឹតបន្តឹង​ការ​អនុវត្តច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោកចំពោះរថយន្តដឹកដី ដឹកខ្សាច់ មិនគ្រប ធ្លាក់លើផ្លូវ និង​ រថយន្តធុនធំ​ ចូល​ទី​ក្រុង​ ខុសពេលវេលា​ ដោយ​បាន​ឃាត់ទុក​រថយន្ត​ល្មើស​ ចំនួន​១​១គ្រឿង​ មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក មិន​ឲ្យ​ធ្វើ​ចរាចរ​មួយ​រយៈ​ ដើម្បី​ធ្វើ​ការ​ព្រមាន​ ផាក​ពិន័យ​តាម​ច្បាប់​​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង​ ទទួល​ផែនសណ្តាប់ធ្នាប់​ បាន​សំណូមពរ​ យ៉ាងទទូច ​សូមឲ្យ​ម្ចាស់​រថយន្ត​ ដឹក​ដី ដឹកខ្សាច់ ដឹកទំនិញ​ទាំងអស់​ ចូលរួម​អនុវត្តន៍​ច្បាប់​ សេចក្តីជូនដំណឹង​ របស់រដ្ឋបាលខេត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ ក្នុង​ករណី​មានមន្ត្រីណា​ម្នាក់​ បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ សូមជួយរាយការណ៍​ ជា​បន្ទាន់​ ដើម្បី​អនុវត្ត​វិន័យ​របស់​កងកម្លាំងនគរបាលជាតិ​ ដោយ​មិនលើកលែងឡើយ៕

មតិយោបល់