ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ពោតបារាំង ផ្កាខាត់ណា ឆៃថាវ ពពាយជ្រុង… ត្រូវមន្ត្រីជំនាញរកឃើញមានផ្ទុកសំណល់ថ្នាំកសិកម្ម

កំពង់ឆ្នាំងៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយមានសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យស្រាវជ្រាវ និងទប់ស្កាត់ នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាននៅផ្សារលើ ស្ថិតក្នុងសង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានជ្រើសរើសយកគំរូ ចំនួន ៤០គំរូ យកមកធ្វើតេស្តិ៍បឋមនៅរថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុហាមឃាត់ដូចជា ស្ពៃក្តោប ត្រសក់ ប៉េងប៉ោះ ឆៃថាវ មឹក បង្គា ស្ករត្នោត ប្រហុក ជ្រក់ ត្រីងៀត ប្រហិត ។ល។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសំណល់ថ្នាំកសិកម្មមួយចំនួនរួមមាន៖
– ម្ទេសដៃនាងទុំ ចំនួន ១ គីឡូក្រាម
– ពពាយជ្រុង ចំនួន ២.៥ គីឡូក្រាម
– ពោតបារាំង ចំនួន ២ គីឡូក្រាម
– ផ្កាខាត់ណា ចំនួន ៤ គីឡូក្រាម
– ឆៃថាវ ចំនួន ៤.៨ គីឡូក្រាម
សរុបទំនិញដែលមន្ត្រីជំនាញដកហូតបានសរុបចំនួន ១៤.៣ គីឡូក្រាម។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅធ្វើការដុតកម្ទេចចោលភ្លាមៗ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់