កណ្ដាលៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដបុកជាមួយម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩ ស្ថិតក្នុងភូមិកំពង់ពោធ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះស្លាប់មានឈ្មោះ គង់ ម៉េងសាង ហៅលាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងជួសជុលនាឡិកា បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-2865 រួមដំណើរជាមួយម្នាក់ឈ្មោះ តឿ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (រងរបួសបាក់ជើងខាងឆ្វេង) ។ ជនរងគ្រោះទាំង២នាក់មានលំនៅភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ ចំណែករថយន្ដម៉ាកតូរីស ១២កៅអី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1G-8815 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។
នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់បើកបរម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដតូរីសមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅអ្នកលឿងមកភ្នំពេញ ច្រាស់ទិសគ្នា ដោយល្បឿនលឿន បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូម្នាក់ស្លាប់ និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍ស្រុកលើកដែក ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



មតិយោបល់