ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង បោះពួយលឿនបុកគោយន្ដកន្ត្រៃយ៍ ផ្ដាច់ជីវិតបុរសម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិង គោយន្ដកន្ត្រៃយ៍ (ដឹកត្រីប្រហុក) ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ ភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ភ្លាមៗផងដែរ គោយន្ដកន្ត្រៃយ៍ បានបើកគេចចេញពីកន្លែងកើតហេតុ យកចតចោលនៅផ្លូវលំ ភូមិគគរ ឃុំកើតហេតុខាងលើ រួចអ្នកបើកបរបានរត់គេចខ្លួនបាត់។

ចំណែកម៉ូតូម៉ាក SUZUKI Smash V ពណ៌ស-ខ្មៅ ពាក់ស្លាកលេខកណ្តាល 1M-0752 បើកបរដោយឈ្មោះ សាត់ គា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។

វត្ថុតាងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកគោយន្ដកន្ត្រៃយ៍ រក្សាទុកនៅប៉ុស្តិ៍នគរបាលស្រឡៅ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបឋមបង្ក ដោយគោយន្ដកន្ត្រៃយ៍ គ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនិងអ្នកបើកបរម៉ូតូមានល្បឿនលឿន។ ក្រោយកើតហេតុ សពត្រូវាបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់