ភ្នំពេញៈ ខុសពីតារាស្រីៗជាច្រើនដែលប្រកាសមិនឆ្លើយពីសំណួររឿងអាយុ និងខ្លះបានបន្លំខ្ទង់អាយុរបស់ខ្លួនដើម្បីកុំឃើញច្រើន តារាល្បីឈ្មោះដែលបានប្រកាសវិលចូលពិភពសិល្បៈជាថ្មីកញ្ញា វីជេ អាណូ បានប្រកាសយ៉ាងក្ដែងៗថានាងមានវ័យក្បែរៗនឹង៤០ឆ្នាំហើយ។ នាងថាខ្លួនមិនខ្វល់រឿងប្រកាសអាយុទៅមានអ្នកស្រឡាញ់ ឬអត់នោះទេ ខណៈដែលនាងក៏យល់ថាតួលេខអាយុរបស់ខ្លួន ក៏មិនទាន់ហួសពេលរកគូនោះផង បើទោះជាតួលេខអាយុរបស់នាងត្រូវគេនិយមហៅថាជាអាយុសម្គាល់នារីក្រមុំចាស់ ឬហួសឌឺឡេ។
វីជេ អាណូ បានអះអាងថាមកទល់នឹងពេលនេះនាងមានវ័យជាង៣៦ឆ្នាំហើយ តែនាងប្រកាន់ជំហរថាអត់ខ្វល់រឿងប្រញាប់រៀបការដូចនារីដែលមានវ័យច្រើនខ្លះទេ គឺនាងរង់ចាំទាល់តែអាចរកឃើញអ្នកស្រឡាញ់ដែលល្អគ្រប់ចំណុចទើបនាងទទួលយក។ នាងថាមនុស្សស្រីឲ្យចូល ៣០ជាងរមែងអស់សង្ឃឹមក្នុងរឿងស្នេហា តែសម្រាប់រូបនាងយល់ថាជាវ័យត្រូវប៉ាន់ទៅវិញទេ។ នាងនិយាយថា«ខ្ញុំអត់គិតថា៣៦រកអ្នកល្អអត់បានទេ ព្រោះនៅស្រុកគេដូចជានៅសិង្ហបុរីអីជាដើម ស្រីៗទាល់តែ៤០ ឬ៤១បានគេយកប្ដី ហើយខ្មែរយើងលូវក៏ចាប់ផ្ដើមមានអ្នកគិតចឹងបណ្ដើរៗដែរ គឺមិនមែនចូលម្ភៃមិនទាន់នាំគ្នាការដូចមុនទេ!»។ នាងយល់ខុសពីពាក្យចាស់ថា «១៨ឆ្នាំឈ្ងុយដូចដូងដុត»ដោយនាងពោលថាវ័យ៣៦របស់នាងទៅវិញទេ ដែលមានទីផ្សារសម្រាប់បុរសដែលចាស់ចិត្តចាស់គំនិត ហើយត្រូវការជ្រើសនារីឲ្យក្លាយជាគូជីវិត។ នាងនិយាយថា«ពីមុនគេថា៣០ជាងអីហួសឌឺឡេមែន តែលូវដូចអត់ចឹងផង ខ្វះអីគេការ៤០ជាងម៉ាគនរនឹង ហើយប្រុសលូវៗមិនមែនសុទ្ធតែចង់បាននារីក្មេងៗទាំងអស់ទេ ចឹងខ្ញុំគិតថានៅតិចទៀតក៏អត់ហួសឌឺឡេដែរ!»។
ការប្រកាសឲ្យដឹងពី អាយុពិតរបស់វីជេអាណូ ត្រូវគេមើលឃើញថាជារឿងកម្រមួយបើធៀបនឹងតារាស្រករនាងដែលតែងអឹមអៀនមិនឆ្លើយសំណួរនេះ នឹងខ្លះព្យាយាមទម្លាក់អាយុនៅតែម្ភៃជាងៗ បើទោះជាចម្លើយមួយនេះគឺពួកគេបានឆ្លើយតាំងពីជាង១០មុន។ មហាជនភាគច្រើននៅតែយល់ថាអាយុរបស់តារាស្រីល្បីឈ្មោះគឺជាពិបាកលាតត្រដាង ទើបវីជេអាណូត្រូវបានគេមើលឃើញថាគិតខុសពីគេ។ ក្រោយការទម្លាយនេះ ម្នាក់ៗហាក់កោតសរសើរថានាងវ័យចង់ក្បែរ៤០ឆ្នាំទៅហើយ តែបើសំដៅដល់សម្រស់គឺនៅតែក្មេង ស្រស់ស្អាត មិនចាញ់នារីដែលមានវ័យតិចជាងនេះ៕
មតិយោបល់