ព័ត៌មានជាតិ

រថយន្តឡិចស៊ីស សាកកម្លាំងជាមួយរថយន្តFUSO ជ្រុលទៅបុកចូលផ្ទះលក់ខោអាវ យីហោ ម៉ាយស្ត័រ ខ្ទេចយ៉ាងដំណំ

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​ និងរថយន្ត បុកគ្នា បណ្តាលឲ្យភាគីរថយន្តឡិចស៊ីស ជ្រុលទៅបុកចូលផ្ទះលក់ខោអាវ យីហោម៉ាយស្ត័រ បណ្តាលឲ្យខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៣៥នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២១០ កែងផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់​តាខ្មៅ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ករណីនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក​ ឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ​ 2AX-7370 ​អ្នកបើករថយន្តឈ្មោះ​ ឈុន​ ចាន់តារា​ ភេទប្រុស អាយុ​២៩​ឆ្នាំ មានទីលំនៅភូមិ​ខ្វា សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ បើករថយន្តក្នុងទិសដៅពីលិចទៅកើត​មកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកFUSO ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 5A-1615 អ្នកបើករថយន្តឈ្មោះ​ វុធ​ ពុធលឿង ភេទប្រុស​ អាយុ​ ២៧ឆ្នាំ មានទីលំនៅភូមិ​ស្ពឺខាងលិច ឃុំស្ពឺក ស្រុកបាភ្នំ​ ខេត្តព្រៃវែង​ បើករថយន្តក្នុងទិសដៅពីត្បូងមកជើង បណ្តាលឲ្យរថយន្តឡិចស៊ីស RX 300 ខាងលើជ្រុលទៅបុកផ្ទះលក់ខោអាវ​ និងខូចខាតសម្ភារ:មួយចំនួនក្នុងផ្ទះម្ចាស់ផ្ទះឈ្មោះ​ តាំង​ រីតា​ ភេទស្រី អាយុ​២៥ឆ្នាំ មានទីលំនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។

ចំណែកមូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តឡិចស៊ីស បើកបរមិនគោរពផ្លូវសិទ្ធិអាទិភាព៕

មតិយោបល់